2025-08-11 10:43
75

ក្រុងគែរ/ហ្សេរុយសាឡឹម ថ្ងៃទី១១ ខែសីហា (Reuters)៖ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់ម្នាក់ ដែលតាំងខ្លួនជាអ្នកកាសែត Al Jazeera ក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យម្សិលមិញ។

តាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១១ សីហា នេះបានឲ្យដឹងថា យោងតាមមន្ត្រីរបស់ Gaza និងការអះអាងពី Al Jazeera បាននិយាយថា Anas Al Sharif អាយុ២៨ ឆ្នាំ ស្ថិតក្នុងចំណោមក្រុមអ្នកកាសែត Al Jazeera បួននាក់ និងជំនួយការម្នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហារលើតង់ក្បែរមន្ទីរពេទ្យ Shifa ក្នុងទីក្រុង Gaza ភាគខាងកើត។ 

បន្ទាប់ពីការប្រកាសរបស់យោធាអ៊ីស្រាអែល បណ្ដាលឲ្យក្រុមអ្នកតស៊ូមតិបានលើកឡើងថា លោក Anas Al Sharif អ្នកកាសែត Al Jazeera ត្រូវបានយោធាអ៊ីស្រាអែល កំណត់គោលដៅលើគាត់រួចទៅហើយ ជុំវិញការរាយការណ៍ជួរមុខរបស់គាត់អំពីសង្រ្គាមនៅតំបន់ហ្គាហ្សា ហើយក្រុមនេះ បានបន្តលើកឡើងថា ចំពោះការអះអាងរបស់អ៊ីស្រាអែលគឺគ្មានភស្តុតាងគ្រប់គ្រាន់ទេ។

ផ្ទុយទៅវិញ យោធាអ៊ីស្រាអែល នៅតែនិយាយអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Al Sharif គឺជាប្រធានក្រុម Hamas ហើយលោកគួរទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតប្រឆាំងនឹងជនស៊ីវិលអ៊ីស្រាអែល និងកងទ័ព IDF (អ៊ីស្រាអែល)ដោយពួកគេបានរកឃើញឯកសារ ពាក់ព័ន្ធនឹងក្រុមហាម៉ាស់ពីលោក Al Sharif នៅតំបន់ហ្គាហ្សាជាភស្តុតាង។

ក្រុមអ្នកកាសែត រួមទាំង Al Jazeera បានបរិហារពីការសម្លាប់នេះថា អ្នកកាសែតផ្សេងទៀតដែលត្រូវបានសម្លាប់គឺរួមមាន លោក Mohammed Qreiqeh, លោក Ibrahim Zaher និង លោក Mohammed Noufal ។

មុនការស្លាប់របស់លោក Al Sharif អ្នកកាសែត Al Jazeera ក្រុមសេរីភាពសារព័ត៌មាន និងអ្នកជំនាញអង្គការសហប្រជាជាតិ ធ្លាប់បានព្រមានពីមុនរួចហើយថា ជីវិតរបស់លោក Al Sharif គឺស្ថិតក្នុងគ្រោះថ្នាក់ ដោយសារតែការរាយការណ៍របស់គាត់ពីតំបន់ហ្គាហ្សា។ 

អ្វីដែលគួរឲ្យសង្ស័យជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល លើលោក Al Sharif ថាជាមេដឹកនាំក្រុម Hamas នោះ លោក Al Sharif បានសរសេរបង្ហោះលើសង្គម X មួយនាទីមុនពេលគាត់ស្លាប់ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុង Gaza អស់រយៈពេលជាងពីរម៉ោង។

យោងតាមការអះអាងពី Al Jazeera បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការប៉ុនប៉ងនៃការបំបិទសំឡេង ក្នុងគោលបំណងចង់កាន់កាប់តំបន់ Gaza។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បានប្រកាសថា លោកនឹងបើកការវាយលុកថ្មីមួយ ដើម្បីរុះរើទីតាំងរឹងមាំរបស់ក្រុម Hamas នៅតំបន់ Gaza។

សូមបញ្ជាក់ថា តាមការបញ្ជាក់ពី Al Jazeera បានឲ្យដឹងថា លោក Anas Al Sharif និងសហការីរបស់គាត់ គឺស្ថិតក្នុងចំណោមអ្នកកាសែត ដែលតំណាងឲ្យសំលេងដែលនៅសល់ចុងក្រោយបំផុតក្នុងតំបន់ Gaza ដែលគាស់កកាយពីការពិតដ៏សោកសៅដល់ពិភពលោក ។

លើសពីនេះ យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា អ្នកកាសែតចំនួន ២៣៧ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ។ 

បន្ថែមពីនោះ គណៈកម្មាធិការការពារអ្នកកាសែត ក៏បាននិយាយដែរថា យ៉ាងហោចណាស់អ្នកកាសែតចំនួន១៨៦ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា៕