2025-08-08 11:54
61

ស៊ីដនី៖ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Netanyahu បាននិយាយថា អ៊ីស្រាអែលមានបំណងចង់គ្រប់គ្រងយោធាលើតំបន់ Gaza ស្រាប់តែអូស្ត្រាលីបានឆ្លើយតបដោយជំរុញអ៊ីស្រាអែល «កុំឲ្យដើរតាមផ្លូវនេះ»។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា "អូស្ត្រាលីអំពាវនាវឱ្យអ៊ីស្រាអែលកុំដើរតាមផ្លូវនេះ ដែលនឹងធ្វើឱ្យមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅតំបន់ហ្គាហ្សា។"

លោកស្រី Wong បន្ថែមថា ការផ្លាស់ទីលំនៅដោយបង្ខំជាអចិន្ត្រៃយ៍ គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយលោកមានការអំពាវនាវម្តងហើយម្តងទៀត សម្រាប់បទឈប់បាញ់ និងការដឹកជញ្ជូនជំនួយទៅហ្គាហ្សាដោយគ្មានឧបសគ្គ។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បន្តថា "ដំណោះស្រាយរដ្ឋពីរគឺជាផ្លូវតែមួយគត់ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង រដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែលរស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។"

គួរឲ្យដឹងថា អូស្ត្រាលី នៅមិនទាន់បានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចដូចជា ចក្រភពអង់គ្លេស កាណាដា និងបារាំង ក្នុងការប្រកាសទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅឡើយទេ ប៉ុន្តែប្រទេសនេះបានបញ្ជាក់ថា អូស្រ្តាលីនឹងធ្វើការសម្រេចចិត្ត នៅពេលសមស្របមួយ ខណៈពេលដែលមានការរិះគន់កាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់អ៊ីស្រាអែល។

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី អះអាងថា អ៊ីស្រាអែលចង់ប្រគល់ទឹកដីនេះទៅឱ្យកងកម្លាំងអារ៉ាប់ ដែលអាចនឹងគ្រប់គ្រងវា ដោយមិនបានបញ្ជាក់លម្អិតអំពីការរៀបចំអភិបាលកិច្ចឬប្រទេសអារ៉ាប់អាចពាក់ព័ន្ធយ៉ាងណានោះទេ។

ម្យ៉ាងវិញទៀត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនៅថ្ងៃសុក្រនេះ ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា ផែនការដើម្បីកាន់កាប់ទីក្រុង Gaza ត្រូវបានអនុម័តហើយ។ 

ក្នុងនោះ ក៏មានសេចក្តីថ្លែងការណ៍មួយបាននិយាយដែរថា កងកម្លាំងការពារអ៊ីស្រាអែលនឹងរៀបចំដើម្បីគ្រប់គ្រងទីក្រុង Gaza ខណៈពេលដែលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅខាងក្រៅតំបន់ប្រយុទ្ធកំពុងបន្ត៕