2025-08-08 11:24
62

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ដែលនេះជារបៀបដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូកំពុងកំណត់លក្ខណៈនៃជំនួបកំពូលដ៏មានសក្តានុពលមួយនាពេលខាងមុខ។

ប្រសិនបើកិច្ចប្រជុំនេះដំណើរការទៅមុខ នោះវានឹងក្លាយជាជំនួបលើកដំបូងបំផុត រវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ នៅពេលដែលលោក Putin បានជួបជាមួយអតីតប្រធានាធិបតី Joe Biden នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

តែអ្វីដែលគេមិនប្រាកដប្រជានោះ គឺថាប្រសិនជាមានកិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីរខាងលើពិតមែន តើនឹងមានលេចវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែរឬទេ?

កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ លោក Trump បាននិយាយថា ក្នុងការអង្គុយជជែកជាមួយ ពូទីន លោកនឹងមិនដាក់លក្ខខណ្ឌអ្វីមួយ លើប្រធានាធិបតីរុស្ស៊ី ក៏ដូចជាការជួបជាមួយមេដឹកនាំអ៊ុយក្រែនផងដែរ។

ដោយឡែក  ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CNN នៅពេលត្រូវបានសួរថា តើលោក Putin ត្រូវតែជួបជាមួយ លោក Zelensky មុនពេលមានកិច្ចប្រជុំកំពូលរវាង Trump-Putin អាចដំណើរការបានដែរឬទេ? លោក Trump បាននិយាយថា "ទេ! គាត់មិនចាំបាច់ ត្រូវតែធ្វើដូច្នេះទេ។"

ប្រធានាធិបតីអាមេរិករូបនេះ បានបន្តថា៖ «ពួកគេចង់ជួបជាមួយខ្ញុំ ហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីបញ្ឈប់ការសម្លាប់នេះ។»

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅ លោក Trump បាននិយាយយ៉ាងច្បាស់នៅក្នុងការហៅទូរស័ព្ទរបស់គាត់ជាមួយបណ្ដាប្រទេសអឺរ៉ុប ដែលរួមមាន នាយករដ្ឋមន្រ្តីអង់គ្លេស អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីហ្វាំងឡង់ថា គាត់មានបំណងជួបលោកពូទីន និងលោក Zelensky។

ត្រាំ ហាក់មានការ រំពឹងទុកខ្ពស់ ក្នុងគោលបំណងជំនួប នៃកិច្ចប្រជុំកំពូលរវាងបុរសទាំងបី ទោះបីជាគាត់ ធ្លាប់ត្រូវបានខកចិត្ត ដោយសារតែប្រធានាធិបតីរុស្ស៊ីកាលពីពេលកន្លងទៅយ៉ាងណាក៏ដោយ។

ក្នុងន័យនេះ សូម្បីតែវិមានក្រឹមឡាំង ក៏បាននិយាយដែរថា ខណៈនេះការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ Trump-Putin កំពុងដំណើរការ ដែលអាចប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយ។ 

ក្នុងនោះ មេដឹកនាំរុស្ស៊ី ហាក់គ្មានប្រតិកម្មអ្វីនោះទេ បន្ទាប់ពីបានដឹងថា នឹងមានការជួបជាមួយ មេដឹកនាំអ៊ុយក្រែន ប៉ុន្តែលោកបាននិយាយថា លក្ខខណ្ឌមួយចំនួននឹងត្រូវការជាមុនសិន មុននឹងជំនួបនេះកើតឡើង៕