2025-08-02 13:25
11

ថៃយល់ព្រមតាមសំណើរបស់កម្ពុជា ដែលស្នើឲ្យមានអ្នកសង្កេតការណ៍ចូលរួមពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

លោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិថៃ បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី០១ ខែសីហា នេះថា៖ «ប្រទេសថៃទទួលយកសំណើ ដើម្បីរួមបញ្ចូលតំណាងមកពីប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ដែលនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)»។

ដំបូងឡើយរដ្ឋមន្រ្តីការពារជាតិស្ដីទីថៃ លោក Nattaphon Narkphanit បានច្រានចោលសំណើរបស់កម្ពុជា ដែលសុំឱ្យមានការចូលរួមសង្កេតការណ៍ពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងកិច្ចប្រជុំ GBC ក្រោមហេតុផលថា “ការចូលរួមពីសំណាក់អ្នកសង្កេតការណ៍អព្យាក្រឹត្យ គឺមិនចាំបាច់ ខណៈកិច្ចប្រជុំ GBC ខាងមុខនេះ គឺជាកិច្ចប្រជុំទ្វេភាគីនេះ មិនដូចកិច្ចប្រជុំចរចាបទឈប់បាញ់កន្លងទៅនេះ ដែលមានពាក់ព័ន្ធនឹងការសម្របសម្រួលពីខាងក្រៅនោះទេ”។

សូមរំឭកថា កាលពីថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ កិច្ចប្រជុំពិសេសមួយត្រូវបានធ្វើឡើងនៅម៉ាឡេស៊ី ផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយសហរដ្ឋអាមេរិក ក៏ជាអ្នកសហការរៀបចំកិច្ចប្រជុំនេះ រីឯប្រទេសចិនបានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ម៉ឡេស៊ីជាម្ចាស់ផ្ទះ គោលបំណងសម្រេចបានបទឈប់បាញ់បន្ទាន់រវាងយោធាកម្ពុជា និងថៃ ក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ 

កិច្ចព្រមព្រៀងដែលសម្រេចបានកម្ពុជា និងថៃ យល់ព្រម ទី១៖ បទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលនឹងចាប់អនុវត្តនៅម៉ោង ១២ កណ្ដាលអាធាត្រ ថ្ងៃទី២៨ ខែកក្កដានេះ។ 

ទី២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងមេបញ្ជាការភូមិភាគកម្ពុជា-ថៃ នៅម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និង ទី៣៖ រៀបចំកិច្ចប្រជុំ GBC នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅកម្ពុជា។

ចំពោះលក្ខមួយចំនួនត្រូវបានប្រទេសទាំងពីរកម្ពុជា និងបានបំពេញជាបន្តបន្ទាប់រហូតឈានដល់លក្ខខណ្ឌ គឺកិច្ចប្រជុំ GBC កម្ពុជា-ថៃ ហើយពេលភាគីទាំងពីរបានឯកភាពកន្លែងប្រជុំនៅប្រទេសម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ក្រោមការសង្កេតការណ៍របស់តំណាងសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីផងដែរ៕