
ភ្នំពេញ៖ បុរសម្នាក់ ផ្ទុះកំហឹងបានទាញកាំភ្លើងមកបាញ់ ចំនួន ០១គ្រាប់ នៅមុខហាងលក់-ទិញ និងជួសជុលទូរសព្ទដៃ យីហោ «ឋានសួគ៍» ក្នុងទឹកដីខណ្ឌដូនពេញ បណ្តាលឱ្យចំជើងប្រពន្ធរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីមានឈ្លោះគ្នាជាមួយអ្នកជិតខាង។
ហេតុការណ៍ភ្ងាក់ផ្អើលនេះ បានកើតមានឡើង កាលពីវេលាម៉ោង ០៩និង៤០នាទី យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅហាងទូរសព្ទយីហោ «ឋានសួគ៍» ស្ថិតនៅតាមបណ្ដាយផ្លូវ១៤៨ កែងផ្លូវ១៥ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ មានមនុស្សម្នាបានជួបជុំគ្នាផឹកស៊ីនៅក្បែរផ្ទះកើតហេតុយ៉ាងអ៊ូអ និងមានសំឡេងឈ្លោះប្រកែកគ្នា និងផ្ទុះអាវុធ ចំនួន ០១គ្រាប់ បង្កឱ្យមានការផ្អើលឆោឡោនាំគ្នារត់ទៅមើល ហើយអ្នកខ្លះទៀតបានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍។ ក្រោយការផ្ទុះអាវុធឃើញស្រ្តីរងគ្រោះម្នាក់ ហូរឈាមជោគខ្លួន ហើយក៏ហៅម៉ូតូកង់បី ដើម្បីដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង។
តាមប្រភពបានឱ្យដឹងថា ករណីផ្ទុះអាវុធនេះ គឺបង្កឡើងដោយបុរសប្តីបានឈ្លោះជាមួយប្រពន្ធ ទើបឈានដល់ការបាញ់គំរាម ប៉ុន្តែគ្រាប់ផ្លាតចំប្រពន្ធតែម្តង។ ប៉ុន្តែប្រភពខ្លះទៀត និយាយថា ជនបង្កមានជម្លោះជាមួយអ្នកជិតខាង ទើបចូលទៅយកកាំភ្លើងមកបាញ់គំរាម ក៏ត្រូវចំប្រពន្ធខ្លួនឯងបែបនេះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ជនដៃដល់ ដើម្បីយកមកសាកសួរ និងផ្តន្ទាទោសតាមច្បាប់៕


