2025-06-05 13:52
52

ភ្នំពេញ៖ នៅវេលាម៉ោង ០៤និង៣២នាទីទាបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ មានករណី គ្រោះអគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតគ្រឿងសង្ហារឹមមួយកន្លែង របស់ជនជាតិចិន ស្ថិតតាមបណ្តោយផ្លូវ ៣៧១ ក្នុងក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយទទួលបានព័ត៌មានករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញផ្នែកបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹក អស់ ចំនួន ១៤ឡាន ដើម្បីបាញ់ពន្លត់ និងទប់ស្កាត់កុំឱ្យរីករាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរៗនោះ។

ក្នុងប្រតិបត្តិការបាញ់ពន្លត់ហេតុការណ៍គ្រោះអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានទាំងស្រុង និងបញ្ចប់បេសកម្មនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល និងមិនបណ្តាលឱ្យស្លាប់មនុស្សរងគ្រោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងដែលរងការឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុងដំបូល ស័ង្កសី ទំហំ ៣០ម៉ែត្រX៥០ម៉ែត្រ ឆេះបន្ទប់ស្តុកកុងផ្លាកកេ ចំនួន ១៥០ សន្លឹក ពុំរាលដាលដល់ ផ្ទះអ្នកក្បែរខាងឡើយ។ ម្ចាស់ទីតាំងឈ្មោះ LIN DONG ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន ម្ចាស់សិប្បកម្មផលិតគ្រឿងសង្ហារឹម។
ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕