2025-06-05 12:30
110

ភ្នំពេញ៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានអះអាងថា៖ ឥណ្ឌូនេស៊ី គាំទ្រការសម្រេចរបស់រាជរដ្ឋភិបាលកម្ពុជាក្នុងការនាំយកបញ្ហាជម្លោះព្រំដែនតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ជាមួយប្រទេសថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ដែលជាជម្រើសនៃដំណោះស្រាយមួយល្អបំផុត។ 

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា៖ «ឥណ្ឌូនេស៊ីទទួលស្វាគមន៍ធ្វើជាភាគីទី៣ ក្នុងការជួយសម្របសម្រួលក្នុងការស្វែងរកដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ប្រសិនបើភាគីទាំងពីរស្នើសុំ»។ 

លោក Santo Darmosumarto បានលើកឡើងបែបនេះ ក្នុងនាវេទិកាសារព័ត៌មាន ស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា» នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានលើកឡើងថា៖ «ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ របស់កម្ពុជាយកទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ជាជម្រើសល្អ ដ្បិតថាកន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់យកសំណុំរឿងជម្លោះទៅដោះស្រាយនៅតុលាការអន្តរជាតិនេះដែរ។ តែយ៉ាងណាការដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ គឺត្រូវការការឯកភាពគ្នាពីភាគីទាំងសងខាង»។

សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានឡើងកម្ដៅខ្លាំងបន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាដោយទាហានថៃបានចូលវាយឆ្មក់ទាហានកម្ពុជា នៅតំបន់មុំ៣ បង្កឱ្យទាហានកម្ពុជាម្នាក់ពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

ពាក់ព័ន្ធការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរឥតងាករេចរចាដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលថៃ ដោយសន្តិវិធីស្រមតាមយន្តការដែលមានស្រាប់ និងស្រមតាមច្បាប់អន្តរជាតិ ជាពិសេសកម្ពុជា នឹងនាំយកជម្លោះព្រំដែននេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង៕