
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជេីញដឹកនាំកិច្ចប្រជុំបច្ចេកទេសចុងក្រោយ ដើម្បីពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ(២០២៥-២០២៩) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានធនធានមនុស្ស បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានរដ្ឋបាល សាលាជាតិរដ្ឋបាលមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន២២នាក់ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប្រធានអង្គប្រជុំបានសំដែងនូវសេចក្ដីសប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន ឯកឧត្ដម លោកជំទាវ ជាតំណាងអង្គភាពពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនៅពេលនេះ ដើម្បីពិនិត្យនិងផ្ដល់យោបល់ចុងក្រោយលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ រយៈពេល៥ឆ្នាំ(២០២៥-២០២៩) ឱ្យខ្លឹមសារកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំ និងអង្គប្រជុំបានឯកភាពនិងគាំទ្រលើការចូលរួមជាធាតុចូលល្អៗ ដើម្បីឱ្យខ្លឹមសារនៃសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុននឹងគោរពជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។



