2025-05-26 16:04
38

ភ្នំពេញ៖ សពកងទ័ពមួកខៀវកម្ពុជា ចំនួន ០២រូប គឺសពកញ្ញា ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នឹងដឹកត្រូវមកដល់មាតុភូមិវិញ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ។ 

តាមការគ្រោងទុក សពអនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និង អនុសេនីយ៍ទោ ផាត មុន្នី ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) នៅទីក្រុង Malakal សាធារណរដ្ឋស៊ូដង់ខាងត្បូង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ នឹងបញ្ជូនមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៦ឧសភានេះ។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា   ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិន ចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕