2025-05-26 15:23
44

(កែប)នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះលោក ទូច ភ័ក ជាអ្នកប្រជានេសាទបានប្រាប់ឱ្យដឹងថា ក្នុងអំឡុងពេលរដូវធ្លាក់ភ្លៀង អ្នកនេសាទលក្ខណៈខ្នាតតូចនៅខេត្តកែប កំពុងសប្បាយចិត្តក្នុងការប្រមូលផលត្រី តាមរយៈមងដែលពួកគាត់រាយចូលក្នុងសមុទ្រអស់ពេលមួយព្រឹក អ្នកនេសាទអាចចាប់ត្រីកាតាំងបានពី ២០ ទៅ៣០គ.ក ដោយក្នុងមួយគីឡូក្រាមលក់បានចន្លោះពី៨ពាន់ ទៅ១ម៉ឺនរៀល។

នេះបើតាមការបញ្ជាក់ពីលោក ទូច ភ័ក ជាអ្នកនេសាទរស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 
អ្នកនេសាទខាងលើបានបញ្ជាក់ថា មួយរយៈក្រោយនេះឃើញផលនេសាទមានការកើនឡើង ពិេសសអំឡុងរដូវធ្លាក់ភ្លៀងនេះហ្វូងត្រី ជាពិសេសត្រីកាតាំងតែម្តង។

ទោះជាយ៉ាងណាលោក ទូច ភ័ក ប្រជានេសាទសំណូមពរដល់អ្នកនេសាទដូចនេះ សូមបញ្ឈប់លួចប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផ្សេងៗ ជាពិសេសទួកអួសភ្ជាប់ឧបករណ៍ឆក់ ព្រោះវាពិតបំផ្លាញគ្រប់បែបយ៉ាងដែលមានក្នុងសមុទ្រយើងពិតមែន ម្យ៉ាងយើងល្មមដល់ពេលបញ្ឈប់ហើយដែរ ដើម្បីកូនចៅយើងជំនាន់ក្រោយ។ 

ជាមួយគ្នាដែរ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត និងដោយមានកិច្ចខិតខំរួមគ្នារវាងមន្រ្តីរបស់យើង និងអង្គការដៃគូ យើងបានប្រឹងប្រែងក្នុងការថែរក្សា ធនធានសមុទ្ររបស់យើងតាមរយៈការបង្កើតនូវកន្លែងការពារជលផលផ្សេងៗ។

ទោះបីយ៉ាងណាយើងឃើញថា មួយរយៈពេលចុងក្រោយនេះធនធានជីវៈចម្រុះរបស់យើងមានការកើនឡើងវិញផងដែរ។ 
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកែបបានបញ្ជាក់ថា ដើម្បីធានាដល់និរន្តភាពផលនេសាទក្នុងសមុទ្រកែប យើងមានតំបន់គ្រប់គ្រងជលផលចំនួន៤ ដើម្បីភាពរៀបរយក្នុងការនេសាទ ក្នុងនោះមានកន្លែងអភិរក្សជលផល កន្លែងការពារជលផល ដែនជម្រកសុវត្ថិភាពជលផល និងកន្លែងអេកូទេសចរណ៍បាតសមុទ្រ។(សឹង រ៉ាត់)