
បាត់ដំបង៖ ទំនាស់ដីធ្លីដ៏រាំរ៉ៃមានរយៈពេលជាង១០ឆ្នាំកន្លងមកហើយ រវាងក្រុមហ៊ុនចិន អេហ្គីខលឈ័រ ហ្គ្រីនហ្វៀល ជាមួយជនខិលខូច ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់មរតកតេជោ ស្ថិតក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មិនទាន់ដោះស្រាយចប់សព្វគ្រប់ផង បែរជាលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានអះអាងថា៖ «ករណីវិវាទដីធ្លីក្រុមហ៊ុន ជាជនខិលខូច និងស៊ីម៉ាក់(CMAC) ត្រូវបានថ្នាក់លើច្រានចោលឈប់ទទួលយកមកដោះស្រាយបន្តទៀតហើយ!»។
ចំពោះការបញ្ជាក់របស់អាជ្ញាធរស្រុកគាស់ក្រឡបែបនេះ បានធ្វើឱ្យតំណាងក្រុមហ៊ុនសំដែងការខនចិត្តយ៉ាងខ្លាំង និងបានរិះគន់ថា អាជ្ញាធរស្រុកមិនទាន់បានសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាពផង បែរជាថា ថ្នាក់លើឈប់ទទួលដោះស្រាយទៅវិញ? ចុះក្រមហ៊ុនចំណាយលុយអស់រាប់លានដុល្លារ ក្នុងការទិញដីដោយស្របច្បាប់មានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ពី មេភូមិ មេឃុំ ចៅហ្វាយស្រុក មន្ត្រីជំនាញភូមិបាល រហូតដល់ថ្នាក់ខេត្តដឹងឮទៀតផង។ ការទិញដីធ្លីទាំងនោះដើម្បីអភិវឌ្ឍលើវិស័យកសិកម្ម ប៉ុន្តែទីបំផុត អស់ទាំងលុយ អស់ទាំងដីព្រោះ បុគ្គលមានអំណាចមួយក្តាប់តូចគប់គិតគ្នារំលោភយកដី ពុះចែកគ្នាជាប្លង់ៗ ស៊ីញ៉េលើលិខិតលក់-ទិញយ៉ាងអនាធិបតេយ្យនាពេលកន្លងមក ទោះបីដឹងច្បាស់ថាជាដីក្រុមហ៊ុនចិនបានទិញស្របច្បាប់ក៏ដោយ ឯលោកអភិបាលស្រុកគាស់ក្រឡវិញ បែរជាបដិសេធមិនទទួលដោះស្រាយទំនាស់តាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុនថែមទៀត?!។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះ សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ (AE MSJ ) បានដាក់លិខិតមួយច្បាប់ ទៅកាន់រដ្ឋបាលស្រុកគាស់ក្រឡ ស្នើសុំពេលវេលាសមរម្យជួបជាមួយលោកអភិបាលស្រុក ឬចាត់តាំងមន្ត្រីជំនាញ ដើម្បីធ្វើបទសម្ភាសន៍ពាក់ព័ន្ធយន្តការនៃការដោះស្រាយវិវាទដីធ្លី ដែលជនខិលខូច និងអង្គភាពស៊ីម៉ាក់ បានរំលោភយកដីក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីហ្វៀល។ ពេលអ្នកដាក់លិខិតរបស់សមាគមសារព័ត៌មាន អឹម អេស ជេ ចូលទៅដល់សាលាសករុកគាស់ក្រឡ គឺ មន្រ្តីសាលាស្រុកអេះអុញមិនមិនចង់ទទួលទេ មួយសន្ទុះក្រោយមកលោក ញ៉ឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡា បានហៅឲ្យទៅជួប ព្រមទាំងទទួលលិខិតនោះ ដោយសរសេរថា «បានឃើញ និងបំភ្លឺរួច នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥»។ ការសរសេរនេះ គឺ លោកអភិបាលស្រុកមិនទាំងបានកំណត់ពេលវេលា ថ្ងៃ ខែ ឆ្នាំ ដើម្បីឱ្យសមាជិកនៃសមាគមសារព័ត៌មាន AE MSJ ជួបសម្ភាសន៍នោះទេ។
ពេលអនុញ្ញាតិឱ្យក្រុមការងារយកលិខិតដាក់ជូននោះ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ មិនបានអនុញ្ញាតិឱ្យយកសម្ភារៈដែលពាក់ព័ន្ធវិស័យសារព័ត៌មានចូលទេ សូម្បីតែទូរសព្ទដៃក៏តម្រូវឱ្យទុកនៅខាងក្រៅដែរ។
ពេលនោះ លោក ញឹក សារ៉េន អភិបាលស្រុកគាស់ក្រឡ បាននិយាយថា៖ «កន្លងមកខ្ញុំបានទទួលឯកសារជាច្រើនពីភាគីក្រុមហ៊ុនពាក់ព័ន្ធរឿងវិវាទដីធ្លីនេះ ហើយលោកធ្លាប់បានស្នើសុំអន្តរាគមន៍ និងដាក់របាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពេលចុះមកចូលរួមកិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែឧបនាយទាំង២រូប អត់ទទួលយកដោះស្រាយរឿងនេះទេ ដោយបានច្រានចោល»។
លោក ញ៉ឹក សារ៉េន បាននិយាយទៀតថា៖ «ពាក់ព័ន្ធវិវាទនេះ ប្រសិនបើកក្រុមហ៊ុន ត្រូវការប្តឹងសូមប្តឹងទៅកាន់ក្រសួង ព្រោះស្រុកអត់មានលទ្ធភាពក្នុងការទទួលយកមកសម្របសម្រួល និងដោះស្រាយនោះទេ»។ «រឿងនេះស្រុកអស់លទ្ធភាពដោះស្រាយហើយ ខ្ញុំឃើញមានសារព័ត៌មានបានចុះផ្សាយអំពីរឿងនេះផងដែរ ប៉ុន្តែខ្ញុំមិនធ្វើការឆ្លើយតបទេ»។
លោកអភិបាលស្រុកគាស់ក្រឡ បានបញ្ជាក់បន្តថា៖ «ជុំវិញវិវាទដីធ្លីរបស់ក្រុមហ៊ុនចិន ជាមួយប្រជាពលរដ្ឋ និងអង្គភាពស៊ីម៉ាក់នេះ នាពេលកន្លងមកមិនមែនស្រុកអត់ធ្វើនោះទេ បានស្នើសុំទៅរដ្ឋបាលខេត្ត និងក្រសួងផងដែរ។ នាឱកាសឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងក្រសួងយុត្តិធម៌ ប្រជុំដោះស្រាយបញ្ហាដីធ្លីនៅខេត្តលោកបានលើកយកអំពីករណីនេះ ជម្រាបជូនឧបនាយកទាំង០២រូប ប៉ុន្តែលោកមិនទទួលយកដោះស្រាយ គឺច្រានចោល ហើយបើចង់ដឹងច្បាស់បន្ថែមទៀតអាចសួរទៅខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខេត្តបាន»។
លោក ញ៉ឹក សារ៉េន បានបញ្ជាក់ជាចុងក្រោយថា៖ «តាំងពីមុនមកក្រុមហ៊ុនដាក់ឯកសារមកខ្ញុំទទួលទាំងអស់ ប៉ុន្តែក្រោយពីមានកិច្ចប្រជុំក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រីទាំង០២រូប គឺលោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នៅសាលាខេត្តរួចមក រដ្ឋបាលស្រុកឈប់ទទួលយកទៀតហើយ»។
លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានបញ្ជក់ប្រាប់ថា៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងស្នើសុំអន្តរាគម៍ទៅសាលាស្រុកគាស់ក្រឡ ដើម្បីជួយទប់ស្កាត់រាល់សកម្មភាពនានា ដែលកើតមានលើដីទំនាស់ស្របតាម “សជណ” របស់រដ្ឋបាលខេត្ត និងក្រសួងមហាផ្ទៃ។ សរុបបណ្តឹងមានចំនួន ២១ បណ្ដឹង ក្នុងនោះរដ្ឋបាលស្រុកចុះអន្តរាគមន៍បានតែ០៣ប៉ុណ្ណោះ ១- រឿងបញ្ហាសង់ផ្ទះអាចារ្យវន័, ២- រឿងឈូសឆាយដីព្រៃលើដីក្រុមហ៊ុន និង ៣- រឿងស៊ីម៉ាក់លើកផ្លូវថ្មីលើដីក្រុមហ៊ុន ហើយករណីទាំងបីនេះ ខាងស្រុកទប់ស្កាត់គ្មានប្រសិទ្ធភាពនោះទេ គឺគ្រាន់តែចុះឲ្យឃើញប៉ុណ្ណោះ»។
តំណាងក្រុមហ៊ុនចិនរូបនេះ បានបញ្ជាក់ទៀតថា៖ «នៅលើដីកំពុងមានទំនាស់របស់ក្រុមហ៊ុនចិននេះ បុគ្គលខិលខូចដែលបំពានយកដីក្រមហ៊ុន គឺអាចធ្វើសកម្មភាពតាមអំពើចិត្ត ដូចជា ឈូសឆាយ សង់រោង ធ្វើបង្គង់ លើកផ្លូវ ភ្ជួររាស់ និងយកដីក្រុមហ៊ុនជួលទៅឱ្យឈ្មួញដាំដុះតាមអំពើចិត្ត ជាពិសេស លោក រស់ សុភា នាយកគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតកតេជតែម្តង»។
ដោយឡែកលោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានលើកឡើងថា៖ «រាល់បណ្តឹងស្នើសុំអន្តរាគមន៍របស់ក្រុមហ៊ុនដាក់ទៅអាជ្ញាធរស្រុក ខេត្ត និងក្រសួងពាក់ព័ន្ធ ហាក់ដាក់ទៅស្ងាត់ឈឹងគ្មានការឆ្លើយតបទាល់តែសោះ។ ពេលលោកតាមទៅរកសាកសួរខាងមន្ត្រីមិនបានផ្តល់ព័ត៌មានច្បាស់ការឡើយ»។
លោកមេធាវីបានបន្ថែមទៀតថា៖ «បណ្តឹងអន្តរាគមន៍របស់ក្រុមហ៊ុនបានដាក់ទៅរដ្ឋបាលខេត្តបាត់ដំបង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រសួងមហាផ្ទៃ គឺមិនទទួលបានការឆ្លើយតមនោះទេ។ ពេលនេះលោកកំពុងរៀបចំឯកសារប្តឹងទៅក្រសួងអធិការកិច្ច, ប្តឹងទៅខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្តឹងទៅប្រថានរដ្ឋសភា, ប្តឹងទៅប្រធានព្រឹទ្ធសភា និងប្តឹងទៅទីស្តីការគណៈរដ្ឋមន្រ្តី និងប្តឹងទៅក្រសួងពាក់ព័ន្ធមួយចំនួនទៀត»។
លោកមេធាវីបានបញ្ជាក់ជាចុងក្រោយថា លោកក៏នឹងដាល់លិខិតទៅកាន់ ឯកឧត្តមឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី និងឯកឧត្តមឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថា តើឯកឧត្តមទាំងពីរ ពិតជាបានហាមឃាត់មិនឲ្យលោក ញឹក សារ៉ែន ទទួលពាក្យបណ្តឹងពីក្រុមហ៊ុន និងថែមទាំងមិនឲ្យដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ក្រុមហ៊ុនមែនដែរឬទេ?៕