2025-05-21 11:06
108

ភ្នំពេញ៖       អតីតប្តី-ប្រពន្ធពីរនាក់ បានផ្ទុះអំពើហិង្សារ ត្រូវស្ត្រីជាអតីតប្រពន្ធប្រើអំពើហិង្សាវាយបណ្តាលឱ្យរងរបួសទ្រមខ្លួន ដោយអតីតប្តីអត់កំណើតតាមរករឿងគាត់ដល់ផ្ទះ ខណៈដែលពួកគេទាំងពីរនាក់ បានលេងលះគ្នាដាច់ស្រឡះអស់រយៈពេល២ឆ្នាំ មានលិខិតស្នាមត្រឹមត្រូវ ប៉ុន្តែប្រហែលដូចពាក្យពោលថា «ស្តាយឆ្នាំងចាស់បាយឆ្ងាញ់» ទើបតាមរករឿងចងអឃាតអតីតគ្រួសារបែបនេះ។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុច រោងចក្រដំបូលខៀវ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់កើតមានអំពើហិង្សារវាងអតីតប្តី-ប្រពន្ធទាំងពីរវាយគ្នា សមត្ថកិច្ចសង្កាត់ត្រពាំងថ្លឹង បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ស្ថានការណ៍ខ្លាចឈានដល់កើតមានអំពើហិង្សាកាន់ធ្ងន់ធ្ងរ បានសាកសួរ និងសម្របសម្រួល ដើម្បីបញ្ចប់ទំនាស់ផងដែរ។

ស្ត្រីជាអតីតប្រពន្ធរបស់បុរសបង្កហេតុបានរៀបរាប់ថា៖ «ទំនាក់ទំនងប្តី-ប្រពន្ធរវាងគាត់ និងបុរសរូបនេះ គឺគ្មានត្រូវជាអ្វីនឹងគ្នាទៀតទេ ព្រោះពួកគាត់បានលេងលះគ្នាដាច់ស្រឡះអស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ដោយមានពាក្យបណ្តឹង និងលិខិតបញ្ជាក់ត្រឹមត្រូវ ប៉ុន្តែអតីតប្តីចេះតែតាមរករឿងមិនចេះ»។ ស្ត្រីរូបនេះបានបន្ថែមទៀតថា៖ «អតីតីរបស់គាត់មិនគិតជួយរកស៊ីចិញ្ចឹមកូនប្រពន្ធទេ មានបំផ្លិចបំផ្លាញលុយកាក់ប្រពន្ធដែលខិតខំរកបានអស់រាប់រយលានរៀល ហើយពេលលេងលះគ្នាដី ចំនួន ០៣ កន្លែង ក៏បានប្រគល់ឱ្យប្តីអត់កំណើតទៀត សុខចេញចេញខ្លួនរួមជាមួយកូនៗតែប៉ុណ្ណោះ»

ចំណែកភាគីអតីតប្តីដែលតាមរករឿងអតីតប្រពន្ធដល់ និងរងការប្រើអំពើហិង្សាបានលើកឡើងថា «គាត់បានមកសួរនាំអតីតប្រពន្ធតែគេវាយបណ្តាលបណ្តាលឱ្យរងរបួសតែម្តង»