2025-05-20 13:02
62

ពោធិ៍សាត់៖ ករណី អំពើឃាតកម្ម បង្កឡើងដោយបុរសជាប្តី បានរៀបចំគម្រោងសម្លាប់ប្រពន្ធ ដើម្បីប្លន់យកទ្រព្យសម្បត្តិ នៅស្រុកបាកាន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូញទៅកាន់តុការ ដើម្បីចាត់ការតាមនិតិវិធី។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ នគរបាលបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី «ឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯង»។

ដោយអនុវត្តន៍តាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី១៩ ខែឧសភា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ០១ ករណី ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ បានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ខ្សែកលោហៈធាតុពណ៌លឿង ចំនួន ០៦ ខ្សែ, ខ្សែដៃលោហៈធាតុពណ៌លឿង ចំនួន ០៤ ខ្សែ, បន្តោងខ្សែកលោហៈធាតុពណ៌លឿង ចំនួន ០៨ បណ្តោង, ជញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ០៤ វង់, ក្រវិលលោហៈធាតុពណ៌លឿង ចំនួន ០៤ គូរ។ ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន ៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន) លុយដុល្លា ចំនួន ១ ៨០០ ដុល្លា, លុយខ្មែរ ចំនួន ១,៤៦២,៦០០រៀល, ទូរសព្ទដៃ ចំនួន ០២ គ្រឿង, កាបូបដៃ ចំនួន ០១ មានកាតធនាគារ ABA ចំនួន ០១ សន្លឹក, ប័ណ្ណបើកបរ ចំនួន ០២ សន្លឹក, កាតគ្រីម៉ូតូ ចំនួន ០១ សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១ សន្លឹក, កាតវ៉ាក់សាំងកូវីដ ចំនួន ០១ សន្លឹក និងម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-4125 ឡើងស៊េរីឆ្នាំ២០២២។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី៕