2025-05-20 12:12
64

ភ្នំពេញ៖ គិតមកដល់ពេលនេះ ០៩និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ កម្មករ-កម្មការិនី នៃរោងចក្រ គល័រស្តារ ប្រមាណជាង ១០០នាក់ ក្នុងចំណោមជាង ៥០០នាក់ បានបើកផ្លូវវិញហើយ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តដោះស្រាយ និងធានាអត្ថប្រយោជន៍ជូនបងប្អូនកម្មករស្របតាមច្បាប់កំណត់របស់ព្រះរាជាណាចក្រកម្ពុជា។

ការតវ៉ានេះ បានផ្ទុះឡើង គឺដោយសាររោងចក្រ បានប្រកាសជូនដំណឹង ស្តីពី ការដូរទីតាំងក្រោមហេតុផលថា «ដីរោងចក្រចាស់ ម្ចាស់ដីលែងបន្តកិច្ចសន្យាជួលដី»។ ការតវាបិទផ្លូវនេះ កើតឡើងនៅវេលាម៉ោង ០៧និង១៥ នាទីព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ នៅមុខរោងចក្រគលរ័ស្តា (កាត់ដេរសម្ភារៈផ្ទះបាយ និងសម្ភារៈការិយាល័យ) តាមបណ្តោយផ្លូវផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។

ក្រុមកម្មករ-កម្មការិនី ដែលនាំគ្នាបិទផ្លូវតវា បានសំណូមពរទាមទារលក្ខខណ្ឌ ចំនួន ៥ ចំណុច រួមមាន ៖ ទី១/ សូមឲ្យរោងចក្រគិតប្រាក់ខែចុងក្រោយ។ ទី២/ សូមឲ្យរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។ ទី៣/ សូមឲ្យរោងចក្រគិតប្រាក់អតីតភាពដែលមាន។ ទី៤/ សូមរោងចក្រគិតប្រាក់ការជូនដំណឹង (រោងចក្របានជូនដំណឹងហើយ) និង ទី៥/ សូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត តាមកិច្ចសន្យាការងារ។

ពាក់ព័ន្ធករណីកម្មករ-កម្មការិនីរោងចក្រ គល័រស្តា នាំគ្នាបាតុកម្មបិទផ្លូវនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងបញ្ជាក់ថា៖ «ពេលនេះបងប្អូន កម្មករ-កម្មការិនីរោងចក្រ គលរ័ស្តា ដែលផ្ទុះការតវាបានចូលក្នុងរោងចក្រវិញហើយ»មន្ត្រីអ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «មូលហេតុដែលនាំឱ្យបងប្អូនរោងចក្រ គល័រស្តារ ប្រតិកម្មព្រឹកមិញនេះគឺ ថៅកែគ្រោងដូរទីតាំងរោងចក្រពីខណ្ឌដង្កោ ទៅស្រុកបាទី ខេត្តតាកែវ មានចំងាយប្រមាណ ៤០គីឡូមែត្រពីទីតាំងបច្ចុប្បន្ន»។ 

ចំពោះដំណោះស្រាយករណីតវ៉ានេះ លោក ស៊ុន មេសា បានបញ្ជាក់ថា៖ ទី១- ភាគីរោងចក្រនៅបន្តទទួលបងប្អូនដែលព្រមទៅធ្វើការនៅទីតាំងថ្មី និង ទី២- ភាគីរោងចក្របានព្រមព្រៀងគិតគូអត្ថប្រយោជន៍ជូនកម្មករដែលមិនចង់ប្តូរទៅទីតាំងថ្មីស្របតាមច្បាប់។
លោកបានបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះដោះស្រាយផ្ទាល់នៅរោងចក្រតាំងពីថ្ងៃម្សិលមិញទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តឈរលើរក្សាឱ្យបានប្រយោជន៍ជូនកម្មកររបស់យើង និងរក្សាអ្នកវិនិយោគដដែល ដើម្បីបង្កើតការងារ»៕