2025-05-20 10:46
34

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជាជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងកិច្ចសហប្រតិបត្តិការលើការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។

ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាអំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ។