2025-05-20 10:40
34

ភ្នំពេញ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន បានចាប់ផ្តើម នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) បានបញ្ចប់ដោយរលូន និងជោគជ័យកាលពីម្សិលមិញថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ 

តំណាងឯកឧត្តមឧនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ បានដឹកនាំ និងពិនិត្យដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍មហាជន និងតំណាងសាលកវិទ្យាល័យ ព្រមទាំងភាគីពាក់ព័ន្ធក្នុងដំណើរការប្រឡង។

ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីនៃការអនុវត្តដំណើរការកំណែ ដោយឈរលើគោលការណ៍យ៉ាងខ្ជាប់ខ្ជួន ស្របតាមនិយាមនីតិវិធិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានា ប្រកបដោយ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»៕