2025-05-09 17:06
26

បាត់ដំបង៖    មានប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងដូចៗគ្នាថា ពួកគាត់បានជួលដីធ្លីកសិកម្មក្នុងម្នាក់ៗចាប់ពី៥ហិតតា ១០ហិកត រហូតមានអ្នកខ្លះ២០ទៅ៣០ហិកតា ក៏មានពីមន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ «មរតកតេជោ» ដែលទីតាំងឈរជើងក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីយកទៅដាំដំឡូងមី និងខ្លះទៀតធ្វើស្រែក្នុងមួយហិកតា តម្លៃចាប់ពី ២០ម៉ឺនរៀល រហូត៤០ម៉ឺនរៀន ទៅតាមប្រភេទដីល្អ ឬស្អាត។

ចំពោះករណី មន្ត្រីនៃមជ្ឈមណ្ឌលស៊ីម៉ាក់ ជួលដីធ្លីយ៉ាងអនាធិបតេយ្យឱ្យទៅពលរដ្ឋបែបនេះ មិនដឹងថ្នាកលើបានដឹង ឬក៏អត់នោះទេ? ហើយប្រាក់ចំណូលបានពីថ្លៃជួលដីមិនដឹងជាទៅប្រើប្រាស់សម្រាប់អង្គភាពរួម ឬក៏ចូលហោប៉ៅបុគ្គលមានសិទ្ធអំណាចនោះឡើយ។ បើតាមសេចក្តីរាយការណ៍គួរឱ្យទុកចិត្តបានបង្ហើបថា៖ ដីធ្លីកសិកម្មដែលនាយកគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតកតេជោ ជួលឱ្យពលរដ្ឋដាំដំឡូងនោះ គឺស្ថិតក្នុងដីទំហំជាង ៨០០ហិកតា ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិនមួយ មានឈ្មោះថា អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដែលបានប្រមូលទិញដីធ្លីជាង ៤ពាន់ហិកតា ដើម្បីអភិវឌ្ឍន៍ដាំដំណាំកសិឧស្សាហកម្ម ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ និងឃុំគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ដោយសារដីធ្លីដែលក្រុមហ៊ុនចិនទិញនោះ រងការរំលោភបំពានចូលកាន់កាប់ពីសំណាក់បុគ្គលមានឥទ្ធិពល និងអំណាចមួយចំនួន ដោយមានការគុបគិតគ្នាជាមួយអាជ្ញាធរថ្នាក់ក្រោមតែម្តង។

ជាក់ស្តែងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ០១គ្រួសារ បានដឹកដើមដំឡូងមី និងត្រាក់ទ័រដើម្បីដាំលើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន ត្រង់ចំណុចឪឡោក ឃុំដូនបា ស្រុកគាស់ក្រឡ គាត់បានប្រាប់ថា៖ «ដីចំការនេះ គាត់បានជួលដីប្រមាណ ១០០ ហិកតា ពីប្រធានមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ ដើម្បីដាំដំឡូងមី ពីរបីឆ្នាំកន្លងមកហើយ ដោយក្នុង១ហិកតា តម្លៃ២០ម៉ឺនរៀល ក្នុងមួយរដូវ។ បើចង់ដឹងច្បាស់គាត់ប្រាប់ថាទៅសួរខាងប្រធានស៊ីម៉ាក់ មរតកតេជោ»។ 

លុះនៅព្រឹកថ្ងៃទី០៩ ខែឧសភានេះ ឃើញមានប្រជាពលរដ្ឋប្រមាណជាង ២០នាក់ កំពុងដកដំឡូត ពេលក្រុមការងារចុះសាកសួរ ក្រុមប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់មកស៊ីឈ្នួលដកដកឡូងឱ្យគេ ប៉ុន្តែពួកគាត់ក៏បានជួលដីធ្លីម្នាក់ ៥ហិកតា ១០ហិក និងខ្លះ២០ទៅ៣០ហិកតា ពីប្រធានគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ រតមតតេជោ ដើម្បីដាំដំឡូង។ ក្រុមប្រជាពលរដ្ឋ បានបន្ថែមទៀតថា ពួកគាត់បានខ្ចីបុលប្រាក់គេ ដើម្បីយកមកជួលដីដាំដំឡូងខ្លះអស់៥លាន ១០លានរៀន និងខ្លះទៀតលើពីនេះ បើសិនជាគេមិនឱ្យដំមែន ជំពាក់បំណុលគេហើយខាតទាំងលុយថ្លៃជួលដីទៀត។

សូមជម្រាប់ថា រាជរដ្ឋាភិបាល បានប្រគល់ដីទំហំប្រមាណ ១២០០ហិកតា ដើម្បីបង្កើតជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ មរតកតេជោ។ ក្រោយទទួលបានសិទ្ធអ្នកគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍នេះ បានអនុវត្តហួសដែនកំណត់របៀបត្រីងាតឆ្លៀតពង បានរំលោភបំពាន ទន្ទ្រាន និងគ្រប់គ្រងលើដីរបស់ក្រុមហ៊ុនចិន អេហ្គ្រីខលឈ័រ រហូតជាង ៨០០ហិកតា បានយកដីដែលបែងចែកជាឡូត៍លក់យ៉ាងអនាធិបតេយ្យដោយគ្មានការទទួលស្គាល់ ឬដឹងឭពីសំណាក់ភូមិ-ឃុំ និងស្រុកនោះទេ ដែលលក់ក្នុងតម្លៃចាប់ពី១០០០ដុល្លារក្នុងមួយហិកតា និងដាក់ជួយយកលុយចែកគ្នាដាក់ហោប៉ៅមួយឆ្នាំៗរាប់សិបលានរៀល។
 
អង្គភាពស៊ីម៉ាក់ គឺជាអង្គភាពមួយដែលប្រជាពលរដ្ឋទាំងប្រទេស និងពិភពលោកទទួលស្គាល់ និងចូលចិត្ត ព្រោះបានធ្វើសកម្មភាពកំចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាមចេញផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋ ប៉ុន្តែបែរមានមន្ត្រីមួយក្តាប់តូចប្រចាំមជ្ឈមណ្ឌលអភិវឌ្ឍន៍ «មរតកតេជោ» ឆ្លៀតប្រើប្រាស់អំណាច និងឥទ្ធិរបស់ខ្លួនរំលោភយកដីធ្លីរបស់អ្នកដទៃពុះចែកជាឡូត៍លក់ និងជួយយ៉ាងអនាធិបតេយ្យទៅវិញ។ ពាក់ព័ន្ធករណីនេះ ក្រុមមន្ត្រីប្រចាំមណ្ឌលអភិវឌ្ឍន៍ មរតកតេជោ បានគុបគិតគ្នាលាក់បាំងថ្នាក់លើរបស់ខ្លួនមិនឱ្យដឹងឬយ៉ាងណានោះទេ ជាពិសេស ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា CMAC គួរចាត់មន្ត្រីឱ្យមានការស៊ើបអង្កេត កុំឱ្យមន្ត្រីខិលខូចមួយចំនួនធ្វើព្យុះធ្វើភ្លៀងនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះអង្គភាពស៊ីម៉ាក់ទាំងមូល។

តាមការបញ្ជាក់របស់ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងថា មេគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក មរតកតេជោ បច្ចុប្បន្ននេះ មានឈ្មោះ រស់ សុភា ដែលពួកគាត់បានជួលដីចំការ ដើម្បីដាំដំណាំដំឡូងមី។ ជុំវិញការលើកឡើងរបស់ពលរដ្ឋ ដែលជួលដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ពីមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ ក្នុងមួយហិកតាតម្លៃចាប់ពី២០ម៉ឺនរៀល ដល់៤០ម៉ឺនរៀលនោះ ក្រុមការងារសារព័ត៌មាន អឹម អេស ជេ មិនទាន់ទំនាក់ទំនងសុំការបកស្រាយពីលោក រស់ សុភា បាននៅឡើយទេ នៅរសៀលថ្ងៃទី០៩ ខែឧសភានេះ ហើយក្រុមការងារយើងរងចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធក្នុងករណីនេះគ្រប់ពេលវេលា ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។  

លោក រ៉ា ចាន់ តំណាងឱ្យក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បាននិយាយថា៖ «នាដើមរដូវវស្សានេះ គ្រាន់តែភ្លៀងធ្លាក់ភ្លាម មានប្រជាពលរដ្ឋបានចូលភ្ជួរាស់ ឈូសឆាយ ទន្ទ្រានដីធ្លីរបស់ក្រុមហ៊ុនកំពុងមានទំនាស់យ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរចុះមកទប់ស្កាត់នោះទេ ប៉ុន្តែប្រសិនបើក្រុមហ៊ុនហ៊ានតែធ្វើសកម្មភាពបន្តិចបន្តូច អាជ្ញាធរស្រុក និងខេត្ត ប្រតិកម្មភ្លាមៗតែម្តង វាហាក់មានភាពអយុត្តិធម៌សម្រាប់ក្រមហ៊ុនណាស់ដែលទិញដីស្របច្បាប់ដោយមានការទទួលស្គាល់ចាប់ពីថ្នាក់ក្រុមភូមិ ឃុំ ស្រុក ខេត្ត និងមន្ត្រីជំនាញភូមិបាលអស់លុយចូលលានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងតំបន់នេះ បង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋមានការងារធ្វើ ប៉ុន្តែជារងគ្រោះអស់ទាំងលុយ ដីធ្លីត្រូវបានអ្នកមានអំណាចគុបគិតគ្នាជាមួយអាជ្ញាធរខិលខួច រំលោភពុះចែកគ្នាគ្មានសល់»។

តំណាងក្រុមហ៊ុនចិន បានបន្ថែមទៀតថា៖ ដីរបស់ក្រុមហ៊ុនគ្រាន់តែអង្គភាពមជ្ឈមណ្ឌលអភិវឌ្ឃន៍ ស៊ីម៉ាក មរតកតេជោ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក រស់ សុភា ជាប្រធានវាទទីយកដីក្រុមហ៊ុនអស់ជាង ៨០០ហិកតា ព្រមទាំងធ្វើសកម្មភាពតាមទំនើងចិត្ត ផ្ទុយពីលិខិត «សជណ» របស់រដ្ឋបាលខេត្តបាត់ដំបង និង «សជណ» របស់ក្រសួងមហាផ្ទៃ ដែលហាមមិនឱ្យមានសកម្មភាពផ្សេងៗលើដីធ្លីកំពុងមានទំនាស់ ប៉ុន្តែគ្មានប្រសិទ្ធក្នុងការអនុវត្តន៍ ដូច្នេះមានន័យ «សជណ» របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រាន់តែក្រដាស «ស» មួយសន្លឹកចេញឱ្យផុតពីដៃមិនបានតាមដានការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមឡើយ៕