2025-05-08 08:07
107

ព្រះសីហនុ៖ សោកនាដកម្មគ្រោះអគ្គិភ័យបានឆាបឆេះរថយន្តស៊ីទែនដឹកជញ្ជូនប្រេងឥន្ធនៈ ០១គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ហើយរាលដាលដល់ផ្ទះឈើ ០១ខ្នង បណ្តាលឱ្យមានមនុស្សប្រុស-ស្រី ចំនួន ០៣ នាក់ស្លាប់យ៉ាងអាណោចអាធម្មបំផុត។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៥ វេលាម៉ោង ១១និង៤០​នាទីយប់​ នៅចំណុច​ ភូមិ​ព្រែកប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ 

តាមរបាយការណ៍បានឱ្យដឹងថា មានរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០១ គ្រឿង របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខ ភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ នឹងបន្ត​ឆេះ​រា​ល​ដា​លដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នង​ទៀត អស់ទាំងស្រុង ម៉ូតូ ចំនួន ០៥ គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន​ ៥ម៉ឺនដុល្លារ​។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ទី១៖ ឈ្មោះ អ៊ុត ភាព ភេទ​ស្រី អាយុ​ ៤៩​ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សី មានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ​ (អស់ទាំង​ស្រុង)។ ម្ចាស់ផ្ទះទី២៖ ឈ្មោះ មន ភក្ដី ភេទ​ប្រុស អាយុ​ ៤០​ឆ្នាំ​ មានប្រពន្ធឈ្មោះ​ បាត ស្រីមុំ ភេទ​ស្រី អាយុ​ ៣៥​ឆ្នាំ មុខរបរ លក់ដូរ​ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧​ម៉ែ​ត្​រ​×ប​ណ្​ដោ​យ​​១៥ម៉ែត្រ​ (ឆេះផ្ទះអស់ទាំងស្រុង)​ និងបណ្ដាលឱ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ ចំនួន ០៣នាក់ ខណពេលកំពុងដេកលង់លក់នៅក្នុងផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់នោះ រួមមាន ទី១៖​ ឈ្មោះ​ យ៉ារី សុខសិលា ភេទ​ប្រុស​ អាយុ​ ១៨​ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​។  ២៖ ឈ្មោះ​ ភក្ដី រីតា ភេទ​ស្រី អា​យុ​ ១៥​ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ និងទី៣៖​ ឈ្មោះ​ ភក្ដី សំមេន ភេទ​ប្រុស​ អាយុ​ ១៣​ឆ្នាំ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ​ បាត ស្រីមុំ អាយុ​ ៣៥​ឆ្នាំ​ រងរបួសស្រាល) ។

តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនកំពុងបង្ហូរសាំងដាក់ប៊ីដុងចេញពីថយន្តដឹកប្រេង ០១គ្រឿង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់ឱ្យ។ ពេលបង្ហូរសាំងបាន ចំនួន ០២ ប៊ីដុង (ប្រមាណ៦០លីត្រ) ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀត ទើបតែបានកន្លះប៊ី​ដុ​ង​ ខណៈពេលម្ដាយរបស់ខ្លួនក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះស្រាប់តែឆាបឆេះបង្កទៅីជាអគ្គិភ័យកើតឡើងយ៉ាងសន្ធោសន្ធៅតែម្តង។

ក្រោយមានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេង ខណៈពេលតៃកុងបានលួចបង្ហូរប្រេងលក់នោះ ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃ​នប់ នួន ០២គ្រឿង​ បានប្រើប្រាស់ទឹកអស់ ចំនួន ០៣ រថយន្ត, រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ០២គ្រឿង​ បានប្រើប្រាស់ទឹកអស់ ០២ រថយន្ត​។

បច្ចុប្បន្នករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕