2025-05-07 13:36
56

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានបញ្ជាក់អំពីស្ថានភាព អគារសហកម្មសិទ្ធិ «អតីតសណ្ឋាគារអង្គរមានជ័យ» មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ចំនួន ០៤ គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ដែលមិនទាន់ត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា៖ អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងខាងលើ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះ មានអាយុ ៧៥ឆ្នាំ ហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥ គ្រួសារ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ចំនួន ៦១ គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។ 

ក្រសួងដែនដីបានបញ្ជាក់ថា៖ ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារៈសំណង់អគារនេះ របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួង ដ.នី. សំ. បានពិនិត្យឃើញថា «សំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនា សម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ»។ 

ក្រសួងបានបន្ថែមទៀត ផ្អែកតាមច្បាប់ ស្តីពី សំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារ អង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំសូមបងប្អូនប្រជាពលរដ្ឋទាំង៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួល ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន ០៤ គ្រួសារនេះ។

ក្រសួងដែនដី គ៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។  ក្រសួង ដ.ន. ស. នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ០៤ គ្រួសារ ខាងលើ៕

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។