
បាល់ទាត់៖ អ្នកគាំទ្រអាចចាប់ផ្ដើមទិញសំបុត្របានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ PKR Svay Rieng FC ដែលមានភាពងាយស្រួលក្នុងការទិញ និងឆាប់រហ័ស ដោយគ្រាន់តែស្កេនចូលទស្សនាដោយផ្ទាល់តែម្ដង ដោយពុំចាំបាច់ធ្វើការដូរយកសំបុត្រអ្វីឡើយ។
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសារអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ឱ្យចូលរួមគាំទ្រក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025 ជាមួយនឹងក្លិប Arkadag មកពីប្រទេសតូមិនីស្ថាន។ ការប្រកួតដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
សូមរំលឹកថា តម្លៃសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទ្វីបអាស៊ីនេះ មានតម្លៃទាបបំផុតមិនធ្លាប់មាន។ សំបុត្រប្រភេទទី១ មានតម្លៃត្រឹមតែ ៨០០០រៀល (ប្រហែល ២ដុល្លារអាមេរិក) និងសំបុត្រប្រភេទទី២ មានតម្លៃត្រឹមតែ ៥០០០រៀល (ប្រហែល ១.២៥ដុល្លារអាមេរិក) ប៉ុណ្ណោះ។ តម្លៃនេះត្រូវបានគេចាត់ទុកថាជាតម្លៃដ៏សមរម្យបំផុត និងជាការលះបង់ដ៏ធំធេងពីថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ដែលមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ជាតិឱ្យបានច្រើនកុះករ ដោយមិនគិតពីប្រាក់ចំណូលជាចម្បង៕


