2025-09-12 12:15
11

ខេត្តព្រះសីហនុ៖   ដូចជារឿងហុងកុងអញ្ចឹង !  ជនជាតិចិនមួយក្រុមបើកឆាកបាញ់ប្រយុទ្ធគ្នា ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ នៅ ឆ្នេរអូឈើទាល។ ធ្វើឲ្យមហាជនមានចំងល់ថាតើជនបរទសទាំងនេះបានកាំភ្លើងមកពីណា ? ដែលបង្កភាពអានាធិបតេយ្យនៅតំបន់ទេសចរាណ៍ បង្កភាពអសន្តិសុខ ធ្វើប៉ះពាល់បង្កការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តក្នុងខេត្តទេសចរណ៍មួយនេះយ៉ាងខ្លាំង?  យោងតាមរបាយការណ៍ ការបង្ហោះរបស់ផេកស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ថា ករណីផ្ទុះអាវុធនៅម្ដុំផ្សារព្រីន ឆ្នេរអូឈើទាល ភ្លាមៗ សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យជាច្រើននាក់ និងដកហូតអាវុធមួយចំនួន។ 

យោងតាមប្រភពពីពលរដ្ឋនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅម្ដុំឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុបានឲ្យដឹងថា មានក្រុមជនជាតិចិនប្រដាប់ដោយអាវុធគ្រប់ដៃ នឹងមានគ្នាជាច្រើននាក់ជិះឡានស៊េរីទំនើបៗ និងមានអង្គរក្សជាជនជាតិខ្មែរបានបាញ់បោះជាច្រើនគ្រាប់ នៅវេលាម៉ោងប្រមាណជាង១០យប់ ក្នុងនោះបុរសជាជនជាតិចិនម្នាក់បានរងរបួសធ្ងន់បញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅឡោមព័ទ្ធ ចំណុចទីតាំងខាងលើនោះនិងឈានទៅដល់ការឃាត់ខ្លួននាក់ពាក់ព័ន្ធជាច្រើននាក់។

លោក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាក្នុងប្រតិបត្តិការចុះ បង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី និងវែង ប្រមាណ១០ដើម នឹងអ្នកពាក់ព័ន្ធ៣៥នាក់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរជនសង្ស័យទាំង៣៥នាក់ ដើម្បីរៀបចំសំណុំរឿង និងចាត់វិធានការច្បាប់។
នេះបើតាមស្នងការខេត្តព្រះសីហនុ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «យើងកំពុងព្យាយាមស្រាវជ្រាវ រកមូលហេតុនៃការបង្កជម្លោះប្រដាប់អាវុធនេះ ហើយតាមការសាកសួរជនសង្ស័យថា ពួកគេឈ្លោះគ្នាដោយសារជំនួញរកស៊ីមិនត្រូវគ្នា ប៉ុន្តែពួកគេហាក់ព្យាយាមលាក់ព័ត៌មានមិននិយាយ ទើបយើងមិនទាន់ច្បាស់ពីមូលហេតុការកើតមានជម្លោះនេះ»៕