2025-04-30 16:37
28

គុនខ្មែរ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅលើសង្វៀនសេនាគុនខ្មែរយ័ន្ត៨ទិស  នាថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ អ្នកលេងពូថៅដៃពិឃាត ធៀន ធារ៉ា ត្រៀមចេញប្រយុទ្ធតទល់ជាមួយជើងខ្លាំង អាប់ឌុលឡាយ៉េ ដៀលឡូ Abdoulaye Diallo ជនជាតិហ្សេនីហ្កាល់-អ៊ីតាលី ដែលជាកីឡាករប្រដាល់មួយរូបមានបទពិសោធន៍ជោគជាំលើវិស័យកីឡាប្រដាល់គុនសេរី (គុនខ្មែរ-មួយថៃ និងឃីកបុកស៊ីង) និងនៅតំបន់អឺរ៉ុប រួមទាំងសង្វៀនថៃហ្វៃត៍របស់ប្រទេសថៃផងដែរ...។

សូមជម្រាបជូនថា កីឡាករ អាប់ឌុលឡាយ៉េ ដៀឡូ ធ្លាប់មានប្រវត្តិជួបកីឡាករខ្លាចាស់ថៃ សៃយុគ ភុមផាន់មួង កាលពីជាងមួយឆ្នាំមុនផងដែរ ដោយកាលនោះរូបគេបានចាញ់ពិន្ទុប្រដុំប្រសងគ្នាជាមួយ សៃយុគ ពោលគឺមិនចាញ់ដាច់ឆ្ងាយនោះទេ។ ជាក់ស្តែង កាលពីជាងកន្លះខែមុន កីឡាករ អាប់ឌុលឡាយ៉េ ដៀឡូ  រូបគេបានប្រកួតជាមួយជើងខ្លាំងថៃ ប៉តថ ដោយលទ្ធផលស្មើពិន្ទុ ក្រោយតស៊ូយ៉ាងស្វិតស្វាញពេញ៣ទឹក តម្រូវឲ្យប្រកួតថែម១ទឹក (ទឹកទី៤) ដោយរងបរាជ័យទាំងពិន្ទុប្រផិតប្រផើយប៉ុណ្ណោះ។

ដូច្នេះ ការជួបគ្នារវាងអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ជាមួយនឹងកីឡាករ អាប់ឌុលឡាយ៉េ ដៀឡូ ត្រូវបានអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេសមានក្ដីព្រួយបារម្ភថា វាអាចនឹងមិនងាយស្រួលពេកទេសម្រាប់ ធឿន ធារ៉ា ក្នុងការផ្តួលកីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ ឱ្យបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៣ ដូចការប្រកួតប៉ះជាមួយកីឡាករបរទេសមុនៗកន្លងមកនោះ។ ដោយឡែក កីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ ក៏ធ្លាប់ឈ្នះកីឡាករជើងខ្លាំងនៅអឺរ៉ុបជាច្រើននាក់ដែរ មុនរូបគេបានឈរជើងនៅលើសង្វៀនថៃហ្វៃត៍ ហើយការហោះឆ្លងទ្វីបមកកម្ពុជាលើកនេះ កីឡាករ អាប់ឌុលឡាយ៉េ ដៀលឡូ បានប្តេជ្ញាយកឈ្នះកីឡាករ ធឿន ធារ៉ា ដូចគ្នា។

យ៉ាងណា ការជួបគ្នារវាងអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ជាមួយនឹង អាប់ឌុលឡាយ៉េ ដៀលដូ នៅចុងសប្ដាហ៍នេះ នឹងទទួលបានចម្លើយ ក្រោយពីបញ្ចប់ការប្រកួតពេញ៣ទឹក ថាតើ អាប់ឌុលឡាយ៉េ ដៀលដូ មានបទពិសោធន៍ជោគជាំនៅតំបន់អឺរ៉ុប និងសង្វៀនថៃហ្វៃត៍ តើជារបស់ពិត ឬក្លែងក្លាយ...? សម្រាប់បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់ អាចចូលរួមខមិនទស្សទាយបាន ថាតើយើង ឬគេ...? ហើយបើគិតថា យើង គិតថាក្នុងទឹកណាមួយដែរ...?៕