
ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពយកដែកឆាបដេ ញចាក់ទៅលើបុរសជាអ្នកដឹកជញ្ជូនម្ហូបអាហាម្នាក់ រួចប្លន់យកម៉ូតូនិចមួយគ្រឿងបានសម្រេច ខណះ ជនរងគ្រោះកំពុងឈប់ម៉ូតូយកម្ហូបឲ្យភ្ញៀវ កាលពីវេលាម៉ោង ២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវបេតុងក្បែរផ្លូវ២០០២ ស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសឿង រដ្ឋា ភេទប្រុសអាយុជាង២០ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូន ស្នាក់នៅក្នុងភូមិសាស្ត្រចាក់អង្រែលើ ខណ្ឌមានជ័យ។ មានស្រុកកំណើត ភូមិស្រងែ ឃុំដំណាក់សែក ស្រុកត្រាំកក់ ខេត្តតាកែវ ។ជិះម៉ូតូនិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1KU 5812 ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងដឹកម្ហូបចេញពីហាងមួយកន្លែងយកទៅឲ្យភ្ញៀវដែលកម្មង់ទិញ លុះជិះមកដល់កន្លែងកើតហេតុខាងលើ បានឈប់ម៉ូតូរួចរៀបចំយកមកម្ហូបឲ្យភ្ញៀវ ស្រាប់តែលេចមុខជនសង្ស័យចំនួនបី នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្កាកលេខបានមកពីក្រោយរួចបានធ្វើសកម្មភាពយកដែកឆាបដេញចាក់ទៅលើរូបគេ ធ្វើឲ្យរូបគេភ័យរត់ចោលម៉ូតូនិងភ្លេចដកសោរ ភ្លាមនោះជនសង្ស័យមានឱកាសល្អបានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៍នគរបាលរដ្ឋបាលអូបែកក្អមដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
សូមរំលឹកផងដែរថាកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥មានករណីជនសង្ស័យធ្វើសកម្មភាពលួចកង់របស់កីឡាករប្រដាល់គុនខ្មែរទាំងកណ្តាកថ្ងៃចេះ ដោយមិនខ្លាចសម្ថកិច្ចសោះ បន្ទាប់មកនៅយប់រំលងអធ្រាតឈានចូលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៥វេលាម៉ោង០៣ និង១២នាទី មានជនសង្ស័យចំនួនពីរនាក់បានធ្វើសកម្មភាពកាច់សោរ ក ម៉ូតូបានសម្រេច ដោយករណីពីនេះបានកើតឡើងនៅក្នុងភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះដែលជាម្ចាស់ទ្រព្យសម្បត្តិបានត្រឹមតែដាក់ពាក្យបណ្ដឹង។
ដោយឡែកកាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៥មានករណីប្លន់យកម៉ូតូរបស់ជនរង ខណៈដែលជនសង្ស័យបានប្រើឧបករណ៍រឹងចាក់ទៅលើភ្នែករបស់នារីរងគ្រោះបណ្ដាលឲ្យរងរបួស ដោយសំណាងលោកចោមិនល្អទើបប្លន់មិនបានសម្រេច ដោយសារតែម៉ូតូរបស់ជនរងគ្រោះប្រើប្រាស់ប្រព័ន្ធស្មាតឃីដែលធ្វើឲ្យជនសង្ស័យមិនអាចប្លន់យកម៉ូតូនេះទៅបាន រួចក៏រត់គេចខ្លួនបាត់ស្រមោចអស់។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខជាពិសេសក្នុងសង្កាត់អូបែកក្អម បានស្នើដល់លោកហួស ម៉េងវ៉ាងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខសូមមេត្តាជួយចាត់កម្លាំងក្រោមឱវាទចុះល្បាតតាមមូលដ្ឋានផងដើម្បីឲ្យសមស្របទៅតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ខណៈដែលពួកគាត់មានការព្រួយបារម្ភ និងភ័យខ្លាចចំពោះទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយសារតែជនសង្ស័យតែងតែធ្វើសកម្មភាពជាញឹកញាប់នៅក្នុងមូលដ្ឋានមិនថាយប់មិនថាថ្ងៃដូចមិនខ្លាចសមត្ថកិច្ចទាល់តែសោះ។