2025-04-30 07:28
34

រាជធានីភ្នំពេញ ៖      នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នំាម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីបច្ចុប្បន្នភាពការរៀបចំគោលនយោបាយ ស្តីពីសុខភាពជនមានពិការភាពក្នុងវិស័យសុខាភិបាល ២០២៥-២០៣០ នៃក្រសួងសុខាភិបាល។
គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពីសុខភាពជនមានពិការភាពក្នុងវិស័យសុខាភិបាលនឹងដាក់ចេញកម្មវិធីនយោបាយជាក់លាក់ ដើម្បីជួយដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ គ្រប់វ័យ ដែលមានតម្រូវការពិសេសផ្នែកសុខភាពក៏ដូចផ្នែកគាំពារសង្គមផ្សេងទៀត ក្នុងការប្រើប្រាស់ប្រព័ន្ធសុខាភិបាលទាំងមូល និងសេវាសុខាភិបាលគ្រប់ជ្រុងជ្រោយរួមមាន ការលើកកម្ពស់ការបង្ការពិការភាពកម្រិតបឋមការថែទាំព្យាបាលប្រកបដោយគុណភាព ការទទួលបាននូវសេវាស្តារសម្បទាវេជ្ជសាស្រ្តទាំងផ្លូវកាយ និងផ្លូវចិត្តសង្គម និងការថែទាំដំណាក់កាលចុងក្រោយនៅតាមមូលដ្ឋានសុខាភិបាល។ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តនេះ នឹងមានយុទ្ធសាស្រ្តប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តសល្យសាស្រ្តសម្ភព និងសណ្តំ និងគោលនយោបាយផែនការយុទ្ធសាស្រ្តរបស់ក្រសួងស្ថាប័នផ្សេងទៀតលើការងារសុខភាពរបស់បងប្អូនមានពិការភាពស្រមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមអគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការប្រធាននាយកដ្ឋានសង្រ្គោះជនពិការដោយសារមីន នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន ឯកឧត្តម សុខ ស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោកសាស្រ្តាចារ្យជានាយកមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ អនុប្រធាននាយកដ្ឋាន នាយករងមន្ទីរពេទ្យជាតិ សមាជិកក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព ដៃគូអភិវឌ្ឍន៍រួមមានអង្គការសុខភាពពិភពលោក (WHO) អង្គការ Vital Strategy និងអង្គការ CHAI ACCESS ប្រមាណ៤១រូប។