2025-04-30 07:24
32

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមពិធី "អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ” ក្រោមប្រធានបទ "រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។
ពិធីនេះមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  សាលាដំបូងខេត្ត គណៈ អភិបាលក្រុងបាវិត មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសហជីព សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាទិវាប្រវត្តិសាស្ត្ររបស់ពិភពលោកទាំងមូលដែលត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យរបស់ពលករកាលពី ១៣៩ឆ្នាំមុន ដែលបានទាមទារឱ្យមានការទទួលស្គាល់តម្លៃ នៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាព ក្នុងការប្រកបការងារគ្រប់ប្រភេទដោយគ្មានការរើសអើង ។ សម្រាប់ប្រទេសកម្ពុជាយើងវិញ រាជរដ្ឋាភិបាលបានប្រារព្ធទិវាពលកម្មអន្តរជាតិ ជារៀងរាល់ថ្ងៃទី ១ ខែឧសភារៀងរាល់ឆ្នាំ ដែលជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និងជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ និងកម្មករ និយោជិកទាំងអស់ហើយនៅឆ្នាំនេះ ក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំបំផុសឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងរោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដូចជាកម្មវិធីដែលយើងបាននិងកំពុងដំណើរការរៀបចំធ្វើនាពេលនេះ ។
ឯកឧត្ដមអភិបាលខេត្តបានស្នើដល់និយោជក កម្មករនិយោជិក និងអ្នកពាក់ព័ន្ធទាំងអស់ រក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរួមគ្នាដោះស្រាយបញ្ហានានាប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ហើយសូមយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិក ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួមដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឱ្យបាននូវ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ឯកឧត្ដមបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធព្រមទាំងនិយោជក និងកម្មករ និយោជិកទាំងអស់ ដែលកន្លងមកបានចូលរួមសហការធ្វើឱ្យបរិយាកាសការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាសទាំងអស់ក្នុងខេត្ត ទាំងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទាំងការអនុវត្តច្បាប់ស្ដីពីការងារ និងការអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺយើងអាចកាត់បន្ថយបានស្ទើរតែទាំងស្រុងនូវករណីដួលសន្លប់របស់កម្មករ ដោយឡែកចំពោះករណីតវ៉ាទាមទារផ្សេងៗដែលកើតឡើង គឺតែងតែប្រព្រឹត្តទៅដោយអនុលោមតាមគោលការណ៍ច្បាប់ ព្រមទាំងត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នារវាងគ្រប់ភាគីពាក់ព័ន្ធ ។