2025-04-30 07:17
29

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារត្រីមាសទី១ និងលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ 
ជាបឋមឯកឧត្តម សរ សិទ្ធិ បាននាំយកការសួរសុខទុក្ខ ក្តីនឹករលឹករបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានទី២សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ដែលមានវត្តមានក្នុងកិច្ចប្រជុំព្រឹកនេះផងដែរ។ 
នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បានណែនាំ និងផ្តល់អនុសាសន៍ ជូនដល់ ឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធ ជួយពិនិត្យមើលលទ្ធផលក្នុងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិនានា ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគពិភព WORLD GAME 2025 នៅសាធារណរដ្ឋប្រជាមានិតចិនជាដើម។ ជាពិសេស ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយភាគីចិន ដើម្បីធ្វើការស្នើសុំការគាំទ្រនានាពាក់ព័ន្ធនឹងការចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ WORLD GAME 2025។ 
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ការចូលរួមប្រកួតនៅក្រៅប្រទេស របស់កីឡាទូកកម្ពុជា គ្មានពាក្យថា ទៅយកបទពិសោធន៍ទៀតនោះទេ គឺត្រូវតែប្រជែងយកមេដាយ ដូច្នេះយើងជ្រើសរើសយកការចូលរួមណាដែលយើងគិតថា អាចមានលទ្ធភាពនាំយកមេដាយជូនជាតិបាន ទាំងនេះជាការចំនេញសម្រាប់សហព័ន្ធ។
ជាចុងក្រោយ ឯកឧត្តម ប្រធានដឹកនាំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលបាននាំជោគជ័យជាហូរហែ តាមរយៈការប្រជែងបានមេដាយពីលើឆាកអន្តរជាតិជូនជាតិមាតុភូមិ៕