2025-04-29 15:36
89

ប៉ោយប៉ែត៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងអគ្គស្នងការនគរបាលជាតិ បានឆ្មក់ចូលបង្ក្រាបទីតាំងហាងការ៉ាអូខេមួយកន្លែង មានយីហោ «The Queen» ឃាត់ខ្លួនមនុស្សប្រុស-ស្រី ប្រមាណជិត ៦០នាក់ ដើម្បីនាំយកទៅធ្វើការសាកសួរតាមនិតិវិធី។ 

ក្នុងចំណោមមនុស្សទាំង៦០នាក់ មានមនុស្ស ចំនួន ១៦នាក់ មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន ម្ចាស់ហាងម្នាក់ ជាមេខ្លោងធំ បុគ្គលិកបម្រើការងារក្នុងហាង ១៣នាក់ (សមគំនិត) និងជនបរទេស ចំនួន ០៦នាក់ ជាអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅកាន់ជំនាញផ្នែកអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារបណ្តេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតពួកគេវិញ។ 

តាមប្រភពបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប ករណី ជួញដូរគ្រឿងញៀន នៅហាងការ៉ាអូខេ «The Queen» ធ្វើឡើងនៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ 

តាមប្រភពបានបន្តទៀតថា ទីតាំងការ៉ាអូខាខាងលើ ត្រូវបានសមត្ថកិច្ចរកឃើញជាប់ពាក់ព័ន្ធ ករណីរក្សាទុក ជួញដូរ សម្របសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់សារធាតុញៀន  ដោយឃាត់មនុស្សប្រមាណ ៦០នាក់ និងមនុស្សជាច្រើនទៀត បានរត់គេចខ្លូន។ 

បច្ចុប្បន្ន អ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងអ្នកមិនមានការពាក់ព័ន្ធត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ៕