2025-04-25 20:29
69

ភ្នំពេញ៖ ក្រុមក្មេងស្រីទំនើងមានរហស្សនាម «ក្រុម GIRL ដៃពីរ និង ក្រុម GIRL ហៃ​ណាំ​» សរុបមានគ្នាចំនួន ០៨នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

នាព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៥និង៣០នាទីទៀបភ្លឺ មានក្រុមក្មេងទំនើងចំនួនពីរក្រុម មាន «ក្រុម GIRL ដៃពីរ» និង «ក្រុម GIRL ហៃណាំ» ដែលធ្លាប់មានទំនាស់ជាមួយនឹងគ្នាកន្លងមក បានធ្វើការណាត់ជួបគ្នា នៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាព វាយគ្នាទៅវិញទៅមកបណ្តាលឱ្យភាគីខាង ក្រុម GIRL ហៃណាំ រងរបួសផ្ទៃមុខ និងពកក្បាល នៅពេលដែលវាយគ្នាចប់ ក្រុម GIRL ដៃពីរ បាននាំគ្នាស្ទុះឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែនៅសល់បក្ខពួកម្នាក់ឡើងម៉ូតូមិនទាន់គេ ក៏ត្រូវបានភាគី ក្រុម GIRL ហៃណាំ ចាប់ទាញស្មារជាប់ ហើយក៏ត្រូវបាន ក្រុម GIRL ហៃណាំ នាំគ្នាព្រួតវាយទៅលើក្រុម GIRL ដៃពីរ បណ្តាល ឱ្យសន្លប់ដេកនៅលើដី របួសផ្ទៃមុខ, កែងដៃឆ្វេង, ស្មារខាងឆ្វេង បន្ទាប់មកក្រុម GIRL ហៃណាំ ក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់ទៅ។ 

ក្រោយមកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៦នាក់ ជាសមាជិក «ក្រុម GIRL ហៃណាំ» មាន៖ ១- ឈ្មោះ ចាន់ លីតា ហៅ រាំប៊ីតា ភេទស្រី អាយុ ១៧ឆ្នាំ។ ២-​ ឈ្មោះ ខាន់ លីម៉េង ហៅជេន ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣- ឈ្មោះ តឹង សុធា ភេទស្រី អាយុ ១៦ឆ្នាំ។ ៤- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី អាយុ ១៦ឆ្នាំ។ ៥- ឈ្មោះ ហែម ម៉ារីយ៉ា ហៅស្រីពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ និងទី៦- ឈ្មោះ សេង ស្រីយ៉ា ហៅស៊ូកា ភេទស្រី អាយុ ២១ឆ្នាំ និង សមាជិក «ក្រុម GIRL ដៃពីរ» ចំនួន ០២ នាក់ទៀត មានឈ្មោះ ហាយ ស្រីនាថ ហៅ អ៊ូកា ភេទស្រី អាយុ ២០ឆ្នាំ និងឈ្មោះ ហ៊ុន កាន់និកា ហៅ កាប៉េឡា ភេទស្រី អាយុ ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៨ នាក់ខាងលើ និងបក្ខពួក ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុច តាមផ្លូវលំ ភូមិព្រែក តាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ៕