2025-04-25 18:52
36

មណ្ឌលគិរី៖ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដែលទើបឡើងកាន់ដំណែងថ្មីៗ អង្គុយកៅនេះ មិនទាន់ក្តៅគូតស្រួលបួលផង ត្រូវបានមន្ត្រីថ្នាក់ក្រោមនាំគ្នាផ្តិតមេដៃប្តឹងទៅ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយដំដែងការមិនពេញចិត្ត «ចំពោះការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរមិនស្មើភាព នាំឱ្យមានការថ្នាំងថ្នាក់ពីមន្ត្រីក្រោមឱវ៉ាទ ជាពិសេស លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរម្នាក់ឯង ទទួលបន្ទុកដឹកនាំតំបន់ដែនជំរកសត្វព្រៃ ចំនួន ០៥ និងការិយាល័យមួយថែមទៀត»

តាមប្រភពបានឱ្យដឹងថា លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី គ្រាន់ឡើងកាន់តំណែងមិនទាន់ប៉ុន្មានខែផង លោកបានធ្វើឱ្យមន្ត្រីថ្នាក់ក្រោមមានការមិនពេញចិត្ត និងបែកបាក់ផ្ទៃក្នុងអង្គភាព រហូតមន្ត្រីថ្នាក់ក្រោមធ្វើលិខិតប្តឹងទៅ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថា ដោយកើតទុក្ខមិនសុខចិត្តរឿងផ្លាស់ប្តូរតួនាទី និងភារកិច្ចមិនស្មើភាពគ្នា។

យោងតាមលិខិតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានភ្ជាប់ស្នាមមេដៃមន្ត្រីបរិស្ថាន ចំនួន ១៩រូប ដែលបណ្តាញសារព័ត៌មានទទួលបាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារថា យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមគោពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាបថា៖ «យើងខ្ញុំទាំងអស់គ្នាមានការមិនពេញចិត្តចំពោះការដឹកនាំរបស់ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមអនុក្រឹត្យ លេខ ៦២ / អនក្រ.តត នោះទេ»

ក្រុមមន្ត្រីបរិស្ថាន បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា មូលហេតុពួកគេមិនពេញចិត្តការដឹកនាំរបស់ លោក ហាស់ វិបុល ប្រធានមន្ទីរថ្មី ទី១៖ «មានការបែងចែកតួនាទីភារកិច្ច ជូនថ្នាក់ដឹកនាំមន្ទីរ នាំឲ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរមួយរូប ត្រូវទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃចំនួន០៥ដែន ហើយ ថែមទាំងដឹកនាំការិយាល័យចំណេះដឹងបន្ថែមមួយទៀត»

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលកិរី បានសរសេរក្នុងលិខិតជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ថែមទៀតថា៖ «ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរទទួលបន្ទុកដែនជម្រករួចមក លោកអនុប្រធានមន្ទីរបានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ចប្រជុំឆ្លងយោបល់ពីប្រធានការិយាល័យដែននោះទេ»។ ក្រុមមន្ត្រីថ្នាក់ក្រោមបានចាត់ទុកទង្វើបែបនេះថា៖ «ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាច របស់ការិយាល័យរដ្ឋបាលធនធានមនុស្ស និងហិរញ្ញវត្ថុ»

ទី២៖ លោកប្រធានមន្ទីរ ធ្វើសំណើទៅរដ្ឋបាលខេត្ត ស្នើសុំផ្លាស់ប្តូរមន្ត្រី ពីការិយាល័យមួយទៅការិយាល័យមួយ ទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ និងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនិតិវិធីដែលផ្ទុយពីគោលការណ៍វិភាគមុខងារ របស់ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្តែងដូចជា ករណី «ដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ ឲ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ»

ទី៣៖ ការដឹកនាំបែបចាប់កំហុសមន្ត្រី ដូចជាការចុះទៅតាមដែនជំរកនិមួយៗ លបទៅដោយមិនបានប្រាប់មន្ត្រី ឬប្រធានការិយាល័យដែន ដើម្បីឲ្យមានការចូលរួម ជាក់ស្តែងពេលគាត់ចុះទៅដែនស្រែពក បានជួបក្រុមហ៊ុន ឃុនយ័ន្ត កំពុងសិក្សារុករករ៉ែមាស ដែលជាក្រុមហ៊ុនមានច្បាប់ ប្រធានមន្ទីរប្រើពាក្យថា «ចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រីការិយាល័យស្រែពកណាមលៀរថាក្រុមហ៊ុននោះមានច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះ ហាក់បីដូចជាមន្ត្រីតាមការិយាល័យដែននិមួយៗ មិនចង់សហការណ៍ ជាមួយគាត់»

ទី៤៖ ការអនុវត្តច្បាប់មិនស្របតាមក្រមបរិស្ថាន ជាក់ស្តែងមានការដោះលែងជនសង្ស័យ ចំនួន ០២នាក់ និងរថយន្តសាំងយ៉ុង ចំនួន ០១គ្រឿង ពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃ (សត្វពង្រូល)។

ទី៥៖ ការប្រើប្រាស់មន្ត្រីមិនស្របទៅតាមច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ ពាក់ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រីឧទ្យានុរក្ស នៅក្នុងខេត្តមណ្ឌលគិរី ដែលមិនមែនជា មន្ត្រីឧទ្យានុរក្សក្របខណ្ឌរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ 

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា៖ «ពួកគាតសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានកិច្ចអន្តរាគមន៍លើការគ្រប់គ្រងដឹកនាំរបស់លោកប្រធានមន្ទីរថ្មីរូបនេះ ដោយសាតែមន្ត្រីមួយចំនួននៅតាមតំបន់ការពារធម្មជាតិ ហាក់មិនពេញចិត្ត និងគ្មានទំនុកចិត្តក្នុងការដឹកនាំរបស់គាត់»

ពាក់ពាក់ការចោទប្រកាន់ខាងលើនេះ អង្គភាពសារព័ត៌មាន អឹម អេស ជេ មិនអាចសុំការបំភ្លឺពី លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឡើយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ព្រោះគ្មានលេខដើម្បីភ្ជាប់ការទំនាក់ទំនង អង្គភាពយើងរងចាំទទួលការបកស្រាយគ្រប់ភាគីពាក់ព័ន្ធស្របតាមច្បាប់ ស្តីពី របបសារព័ត៌មាន។

សូមជម្រាបថា លោក ហាស់ វិបុល ត្រូវបានប្រកាសចូលកាន់ដំណែងជាប្រធានមន្ទីរបរិស្ថាន នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក ប្រភូជាន់ខ្ពស់ក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត លោកអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីនាយក នាយិកាទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត តំណាងអង្គការដៃគូ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ “ខ” នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី៕