
បាត់ដំបង៖ យុវជនម្នាក់ ខឹងម្តាយមីងបង្កើតមិនឱ្យស្លាក់នៅបណ្តោះអាសន្នក្នុងខ្ទមចាំស្រែ បានធ្វើសកម្មភាពដុតកម្ទេចចោល ត្រូវបានកម្លាំងសមត្ថកិច្ចអធិការនគរបាលស្រុកម៉ោងឫស្សី ចាប់ខ្លួនកសាងសំណុំរឿង ករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ ទោសដោយការដុតបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ។
នគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២២ខែ ខែមេសា ឆ្នាំ២០២៥ វេលាងម៉ោងប្រមាណ ២១និង០០នាទី នៅចំណុច អូរតាចាន់ (ដីតំបន់២) ក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ៅ មឿត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកភ្លើង (ប្រើដែកកេះ) ទៅដុតខ្ទមចាំស្រែរបស់ឈ្មោះ អ៊ុយ អ៊ាក ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យឆេះទាំងស្រុងរួមទាំងមានសំភារៈទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្ស យនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០និង១៥នាទី ត្រង់ចំណុច ដីតំបន់២ ស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីយកមកសាកសួរតាមនិតិវិធី។
ក្រោយពេលសមត្ថកិច្ចសាកសួរ ជនបង្កបានឆ្លើយសារភាពថា៖ «មូលហេតុដែលខ្លួនដុតបំផ្លាញខ្ទមស្រែនោះ ព្រោះខឹងម្តាយមីងបង្កើតពេលខ្លួនសុំស្នាក់នៅនឹងខ្ទមនេះ តែជនរងគ្រោះមិនព្រមឱ្យស្នាក់នៅ ទើបដុតខ្ទមជនរងគ្រោះចោលតែម្ដង»។
ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់៕


