
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និង ពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរីជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
ពិធីដែលរៀបចំធ្វើឡើងនៅក្នុងសាលអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងស្ថានឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាង ITE Education Services (ITEES), តំណាងក្រុមហ៊ុន អង្គការ និងដៃគូអភិវឌ្ឍន៍នានា, រួមនិងលោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្សនិស្សិត សរុបជាង ៥៥០នាក់៕

