
(កំពត) ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្រុងកំពតនៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងឲ្យដឹងថារដ្ឋភិបាលអាណិតមុនដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ជាអទិភាព ចំពោះបញ្ហាច្បាប់ចរាចរណ៍ទាំងការអប់រំការបង្ការការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗរួមទាំងវិធានការណ៍ច្បាប់ហើយកិច្ចការងារទាំងនោះបានបន្តមកដល់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតែងតែក្រើនរំលឹក ឱ្យមន្ត្រីអនុវត្តច្បាប់ឱ្យពង្រឹងការអនុវត្តច្បាប់និងការត្រួតពិនិត្យព្រមទាំងបានចេញបិទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្ដែងត្រូវតែអនុវត្តច្បាប់ការអន្តរាគមន៍ព្រោះមាននាយករដ្ឋមន្ត្រីជាបង្អែក។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានលើកឡើងឱ្យដឹងទៀតថាបញ្ហាចរាចរណ៍ផ្លូវគោក ជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឱ្យអត្រានៃមនុស្សស្លាប់ រងរបួសពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់។
ហើយដើម្បីកាត់បន្ថយអត្រានៃមនុស្សស្លាប់ និងរងរបួស រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំខេត្តកំពតអំពាវនាវដល់អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ឲ្យខ្ជាប់ខ្ជួន។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាតធិការក្រសួងអធិការកិច្ចបានបញ្ជាក់ថា បញ្ហាចរាចរណ៍ផ្លូវគោក ជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឱ្យអត្រានៃមនុស្សស្លាប់ រងរបួសពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ នេះគេមិនទាន់និយាយទៅ ដល់ការបន្សល់ទុកស្ត្រីមេម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងគ្រួសារ និងជនពិកានៅឡើយ។
បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬរធ្វេសប្រហែសដូចជា បើកបរលើស ល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន មិនមានការយោគ យល់អធ្យាស្រ័យ និងមិនគោរពសិទ្ធិអាទិភាពជាដើម។
លោកជំទាវ វី ស្រីពៅ បានអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើន ស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបើកបរត្រូវគោរពច្បាប់ ត្រូវបើកបរក្នុងស្មារតី ប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចពេលជិះម៉ូតូ។
ពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
ជាមួយគ្នាចុងក្រោយនេះឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត បានលើកទឹកចិត្តឲ្យសិស្សានុសិស្ស និងយុវជន ក្រៅពីខិតខំសិក្សាឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជាពលរដ្ឋគំរូ ត្រូវជួយផ្សព្វផ្សាយច្បាប់នេះបន្ត ដល់បងប្អូន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទូលំទូលាយ ព្រោះការគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ អាចជួយសង្គ្រោះអាយុវជីវិត និងការពារទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ។ (សឹង រ៉ាត់)





