
ភ្នំពេញ៖ មុខសញ្ញាចាស់ដែងតែងតែធ្វើសកម្មភាពបន្លំលួចលុយតាមផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានរហ័សនាម «ធីដៃមួយពាន់» ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយករដ្ឋានព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ បង្ក្រាប និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
នគរបាលនាយករដ្ឋព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣និង៤៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុច មុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ស្ថិតតាមផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ប៊ុន ធី រហ័សនាម «ធីដៃមួយពាន់» ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះសម្ភារដកហូតមាន ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LM-3496 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
តាមប្រភពបានបន្ថែមទៀតថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង២៦នាទី បានចូលបន្លំលួចលុយពីស្រ្តីម្នាក់ បានសម្រេចនៅក្នុងផ្ទះលេខ ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕