2025-04-22 12:54
54

ភ្នំពេញ៖ លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលរងការចោទប្រកាន់ថា «បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះ ពី៣០០ទៅ៥០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយខែៗនោះ» ពេលនេះត្រូវបាននាយកដ្ឋាន កោះហៅ ឱ្យចូលខ្លួនដើម្បីធ្វើការសាកសួរបំភ្លឺ»។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សេចក្តីបំភ្លឺថា៖ នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានបានពិនិត្យឃើញថានៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា “លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បី ចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក”។

ពាក់ព័ន្ធករណីខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា៖ «ក្រោយទទួលបានព័ត៌មានខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការចាត់តាំងសមាសភាពក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន និងបានធ្វើការកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញករណីខាងលើ ដើម្បីនាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីបន្ត»៕