2025-04-22 12:47
20

ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមវេទិកាការទូត Antalya លើកទី៤ (the 4th Antalya Diplomacy Forum – ADF) ពីថ្ងៃទី១១ ដល់ ១៣ ខែមេសា ឆ្នាំ២០២៥  នៅទីក្រុង Antalya សាធារណរដ្ឋតួកគី។ 

វេទិកាដែលរៀបចំដោយក្រសួងការបរទេសតួកគីយ៉េ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីតួកគីយេ  និងដោយមានការចូលរួមពីប្រមុខរដ្ឋ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីការទូត បញ្ញាវន្ត និងអ្នកវិភាគពីបណ្តាអង្គការមិនមែនរដ្ឋាភិបាល និងតំណាងធុរជនពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។
 
នាឱកាសនោះ ឯកឧត្តម ឃួន ផុនរតនៈ ក៏មានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយឥស្សរជនបរទេស រួមមាន ឯកឧត្តមបណ្ឌិត Mamadou Tangara រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអន្តរជាតិ និងប្រជាជនហ្កំប៊ីក្រៅប្រទេស នៃសាធារណរដ្ឋហ្កំប៊ី លោកជំទាវ Berris Ekinci អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តម Datuk Mohamad Alamin អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងលោក Deodat Maharaj នាយកគ្រប់គ្រងធនាគារបច្ចេកវិទ្យាអង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។ ភាគីមិត្តបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅថែមទៀតជាមួយកម្ពុជា។ 
ទន្ទឹមនេះ បញ្ហាតំបន់ និងពិភពលោកមួយចំនួនដែលជាផលប្រយោជន៍រួម ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕