
កំពង់ឆ្នាំង៖ អាជ្ញាធរបឹងទន្លេសាប បានចាត់ទុក ករណី ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត អានកូ បានចាក់ដីបំពានចូលទន្លេសាប បង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិរបស់ទន្លេសាប ហើយជាបទល្មើស បានចែងក្នុងបទបញ្ញត្តិនៅក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹក។
តាមប្រភពពីអាជ្ញាធរបឹងទន្លេសាប បានឱ្យដឹងថា ដោយទទួលបានការណែនាំពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប រួមជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំមន្រ្តីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។
ការចុះពិនិត្យមើលនោះ ដោយមានកិច្ចសហការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយមន្ទីរជំនាញ អាជ្ញាធរក្រុង-សង្កាត់ និងកងកម្លាំងសមត្ថិកិច្ចរដ្ឋបាលមូលដ្ឋានសង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ចុះពិនិត្យករណីចាក់ដីចូលក្នុងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ផងដែរ។
តាមប្រភពបានបញ្ជាក់ជូនថា ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាដោះស្រាយចំពោះ ករណី ក្រុមហ៊ុនទឹកស្អាត អានកូ បានចាក់ដីបំពានចូលទន្លេសាប ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិរបស់ទន្លេសាប ហើយជាបទល្មើស បានចែងក្នុងបទបញ្ញត្តិនៅក្នុងមាត្រាទី ១២ និងមាត្រាទី ៣៦ នៃច្បាប់ ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះដែរ អង្គប្រជុំក៏បានសម្រេច នឹងរៀបចំកិច្ចប្រជុំពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេសនៅសប្តាហ៍ក្រោយជាមួយក្រសួង ស្ថាប័នជំនាញ ដើម្បីឱ្យក្រុមហ៊ុន មានលទ្ធភាពធ្វើការផ្គត់ផ្គង់ទឹកស្អាតបម្រើសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ដោយបញ្ចៀសហេតុផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេសាប៕



