
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ (Country Statement) អំពី “ចក្ខុវិស័យ គោលនយោបាយ និងបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន” នៅក្នុងរបៀបវារៈទី២ នៃសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីសារៈសំខាន់នៃមូលបទនៃសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់ UN-ESCAP ស្របពេលដែលទីក្រុង និងចំនួនប្រជាជនរស់នៅក្នុងទីក្រុង នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានការកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវបានប្រឈមនឹងបញ្ហានានា រួមទាំងបញ្ហាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គម្លាតនៃការអភិវឌ្ឍ និងកង្វះធនធាន ដែលទាមទារឱ្យប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដោយបានលើកឡើងថា កាលពីបួនទសវត្សរ៍កន្លងទៅ ក្នុងអំឡុងពេល និងក្រោយសម័យប្រល័យពូជសាសន៍ប៉ុលពតបានបញ្ជប់ ទីក្រុងនានារបស់កម្ពុជា រួមទាំងរាជធានីភ្នំពេញផងដែរ ត្រូវបានបោះបង់ចោល រងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង និងពាសពេញទៅដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ប៉ុន្តែ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្តារប្រទេសជាតិឡើងវិញ ពោលគឺ យុទ្ធសាស្ត្រចតុកោណរបស់ សម្តេចតេជោ បានក្លាយជាគ្រឹះយ៉ាងសំខាន់ ដើម្បីធានាបានសន្តិភាព និងសុខសុវត្ថិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ និងកំណើនសេដ្ឋកិច្ច ក្នុងនោះផងដែរ ទីក្រុងនានា បានរស់រានមានជីវិតឡើងវិញ និងបានប្រែក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មរស់រវើក និងបង្កើតនូវឱកាសថ្មីដល់ប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ថា “ដើម្បីធានាបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត ភាពធន់ និង មានចីរភាព”។
ឯកឧត្តមបានថ្លែងថា គ្រោះធម្មជាតិដែលបានកើតឡើងនាពេលកន្លងមក និងកើតឡើងនាពេលថ្មីៗនេះ បានបញ្ជាក់ថា យើងត្រូវតែបង្កើនភាពធន់របស់ទីក្រុង ជាពិសេសតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តពង្រឹងភាពធន់របស់ទីក្រុង តាមរយៈការដាក់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាបេះដូងនៃការអភិវឌ្ឍ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ហើយជាមួយគ្នានេះផងដែរ សម្តេចធិបតី បានប្តេជ្ញា ផលិតអគ្គិសនីពីប្រភពកកើតឡើងវិញ ឱ្យបាន ៧០% នៃប្រភពទាំងអស់ នៅឆ្នាំ២០៣០ និងសម្រេចឱ្យបានអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា បទពិសោធន៍របស់កម្ពុជា គឺជាមេរៀនសំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងបានអំពាវនាវដល់ប្រទេសទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព សំដៅបង្កើនភាពធន់ បរិយាបន្ន និងចីរភាព ក្នុងការអភិវឌ្ឍទីក្រុង៕

