
ខេត្តកំពត៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានឈើចាស់ទ្រុឌទ្រោមមួយកន្លែង ប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។
ស្ពានឈើនេះមានអាយុកាលច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលធ្វើឱ្យប្រជាជនក្នុងឃុំចំនួនបី គឺឃុំស្ទឹងកែវ ឃុំព្រៃថ្នង និងឃុំថ្មី នៃស្រុកទឹកឈូ សរុបប្រមាណ ២៤ ៨៤២ នាក់ ជួបការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលពីតំបន់កសិឧស្សាហកម្មទៅកាន់ទីរួមខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបាន នាំសារសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្លូវ និងស្ពាន។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេសឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ស្ពានថ្មីជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០២៥ ឬឆ្នាំ២០២៦។ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងបានសម្តែងក្តីសង្ឃឹមថា ជីវភាពរស់នៅរបស់ពួកគាត់នឹងមានភាពប្រសើរឡើង៕

.j_1745282373.jpg)
.j_1745282383.jpg)
