
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់។
ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព ជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាព សម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ជនណា បុគ្គលណាដែលបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្ដម នេត្រ ភក្រ្ដា បានឱ្យដឹងទៀតថា ដំណឹងក្លែងក្លាយ (Fake News) ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា false information។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា ការទប់ស្កាត់ លុបបំបាត់ព័ត៌មានក្លែងក្លាយដែលមានប្រសិទ្ធភាព គឺចាំបាច់ត្រូវផ្សព្វផ្សាយការពិតឱ្យបានលឿននិងឆាប់រហ័សបំផុតដើម្បីបន្សាបព័ត៌មានក្លែងក្លាយ! ដូច្នេះយើងត្រូវរួបរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ៕
