
សៀមរាប៖ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេច ផ្ទេរសំណុំរឿងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងខេត្តបន្ទាយមានជ័យ ប្តឹងស្ត្រីឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទ៖ «ប៉ុនប៉ងសូកប៉ាន់» ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការស៊ើបអង្កេតជាសមត្ថកិច្ច។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ភេទប្រុស កើតឆ្នាំ១៩៨៤ ប្តឹងលើ ទី១៖ ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ៣០ឆ្នាំ និងទី២៖ ឈ្មោះ ទី ប្រាថ្នា ភេទប្រុស អាយុ ៣១ឆ្នាំ ពីបទ៖ «ប៉ុនប៉ងសូកប៉ាន់» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៣។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រោយពីបានពិនិត្យពាក្យបណ្ដឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីឃើញថា៖ «បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត។ ដូច្នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ចតាមនីតិវិធីរួចហើយ»៕
