
(កំពត)នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ណែនាំបីចំណុចដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ptt និងបុគ្គលិក
ក្រោយមានការបង្ហោះវីដេអូលើបណ្តាញសង្គម មនការពាក់ព័ន្ធនឹងការចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈ Ptt កន្លែងនៅខេត្តកំពត បានលើកឡើងថា ដោយមានបុគ្គលិកដែលបានបម្រើសេវាកម្មនៅទីនោះ សុំប្រាក់ថែមពីអតិថិជន និងមិនទទួលយកប្រាក់រៀល រួចមក លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានហៅអ្នកពាក់ព័ន្ធមកប្រជុំ និងស្រាយបំភ្លី ដើម្បីសម្របសម្រួលស្វែងរកពីការពិត ជៀសវាងកុំឱ្យមានការយល់ច្រឡំ ព្រមទាំងស្នើសុំ៣ចំណុច ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងបុគ្គលិកបម្រើការងារទីនោះ ដើម្បីទប់ស្កាត់កុំឱ្យបញ្ហានេះកើតមានតទៅទៀត។
ពាក់ព័ន្ធករណីដែលលើកឡើងថា ស្ថានីយប្រេងឥន្ធនៈ ptt ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូខេត្តកំពត មិនទទួលយកប្រាក់រៀលនោះជារឿងមិនពិតនោះទេ ហើយមូលហេតុដែលបុគ្គលិកសុំប្រាក់ថែមពីអតិថិជន គឺដើម្បីបំពេញការខាតបង់អត្រាប្ដូរប្រាក់ដែលទូទាត់ប្រចាំថ្ងៃ ពីប្រាក់រៀលទៅប្រាក់ដុល្លា។
ជាមួយគ្នានេះដែលលោកអភិបាលស្រុក បានធ្វើការស្នើសុំ៣ចំណុច ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈPTT និងបុគ្គលិកបំរើការងារនៅទីនោះ ដូចខាងក្រោម៖
1.ស្នើសុំឲ្យអនុវត្តតាមបទបញ្ជាណែនាំ និងគោលការណ៍របស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ដើម្បីបម្រើអតិថិជនប្រកបដោយការទទួលខុសត្រូវ។
2.ស្នើសុំដល់ក្រុមហ៊ុនពិចារណាលើអត្រាប្ដូរប្រាក់ប្រចាំថ្ងៃ ឬត្រូវទទួលយកប្រាក់តាមចំនួនជាក់ស្ដែងពីបុគ្គលិក ដែលទទួលបានពីអតិថិជន ទាំងប្រាក់រៀល និងប្រាក់ដុល្លារ។
3.ស្នើសុំម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈប្រជុំបុគ្គលិកជាប្រចាំ ហើយក្នុងករណីបុគ្គលិកមានកំហុស សូមកុំបញ្ឈប់ការងាររបស់គាត់ តែសុំឲ្យធ្វើការអប់រំណែនាំជាមុនសិន។(សឹង រ៉ាត់)