
នាពេលល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថានដោយសុខសុវត្ថិភាព និងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងកិត្តិយស ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production បានរៀបចំពិធីពិសាអាហារសាមគ្គីពេលល្ងាចលក្ខណៈប្រពៃណី ដើម្បីទទួលស្វាគមន៍ និងបង្ហាញជូននូវអាហារប្រពៃណីដើមរបស់កាហ្សាក់ស្ថានទទួលភ្ញៀវកិត្តិយសដែលមានសាច់ចៀម ក្បាលចៀម ទឹកដោះសេះស្រស់ និងនំជាច្រើនទៀតដ៏ឆ្ងាញ់ពិសារ រួមទាំងការប្រគំតន្រ្តីរបស់កុលសម្ព័ន្ធដើម អមដោយបទបង្ហាញដ៏ក្បោះក្បាយអំពីប្រវត្តិសាស្រ្ត វប្បធម៌ ម្ហូបអាហារ បដិសណ្ឋារកិច្ច ប្រពៃណី ទំនៀមទំលាប់ ការរស់នៅជូនគណៈប្រតិភូ។
នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ៕


