2025-04-20 07:25
34

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមេសាឆ្នាំ២០២៥  លោក អ៊ុំ  រាត្រី ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ (កក្រក) និងលោកជំទាវ ជ័យ  ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាបានដឹកនាំគណៈកម្មាធិការសាខានិងមានការចូលរួមពីអនុសាខាកក្រកស្រុកស្វាយចេក អនុសាខាកក្រកក្រុងសិរីសោភ័ណ ក្រុមកក្រក ឃុំសង្កាត់លោកមេភូមិ អ្នកស្ម័គ្រចិត្តកក្រក បាននាំអំណោយមនុស្សធម៌របស់ សាខា ទៅសួរសុខទុក្ខ គ្រួសាររងគ្រោះដោយ ខ្យល់កន្ត្រាក់ ចំនួន២៤ គ្រួសារ   ។ 
សូមបញ្ជាក់ថាគ្រួសារទាំង២៤គ្រួសារ បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៥ កន្លងទៅ  ក្នុងនោះមាន÷
១~ឃុំទ្រាស  ស្រុកស្វាយចេក មាន២ភូមិ  ស្មើ ៦គ្រួសារ  ។
២~ឃុំស្លក្រាម ស្រុកស្វាយចេក មាន២ភូមិ  ស្មើ ២គ្រួសារ ។
៣~សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មាន៥ភូមិ ស្មើ៥គ្រួសារ ។
៤~សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មាន៤ភូមិ ស្មើ១១គ្រួសារ។ 
នាឱកាសសាកសួរសុខទុក្ខ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយចំពោះគ្រួសារទាំង២៤គ្រួសារដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅថ្មីៗនេះ ។ 
ជាថ្មីម្តងទៀតលោកក៏មានការផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ពេលមេឃរកភ្លៀង  កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ  ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព  ជាពិសេស សូមបងប្អូនត្រូវចេះថែរក្សាសុខភាព  ព្រោះឥឡូវធាតុអាកាសមានការឡើងកំដៅ ខ្លាំង  សូមអោយបងប្អូនពិសារទឹកអោយបានច្រើនផង។ 
សូមបញ្ជាក់ថា ទីតាំងចែកចាយមាន៣ទីតាំង÷
១- សាលាស្រុកស្វាយចេក មាន៨គ្រួសារ
២- សាលាសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណមាន៥គ្រួសារ 
៣- សាលាបឋមសិក្សាពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មាន១១គ្រួសារ។ 
អំណោយដែលសាខានាំមកនាពេលនេះក្នុងមួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១  ,និងថវិកាមួយចំនួនផងដែរ៕