2025-04-20 07:14
21

ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ដែលលទ្ធផលប្រកបផ្លែផ្កាជាទីមោទនៈនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា៖ «រយៈពេល ជិត៧ទស្សវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន មានភាពស្អិតរមួត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស ព្រមទាំងទំនាក់ទំនងប្រជាជន និងប្រជាជន..!»។
ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឯកឧត្តមបានចាត់ទុកថា ទស្សនកិច្ចដ៏មានសារៈសំខាន់មួយនេះ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវចំណងមិត្តភាពត្បូងពេជ្រ នៃប្រទេសយើងទាំងពីរ ដែលបានកសាងពូនជ្រុំតាំងពីយូរលង់ណាស់មកហើយ។ 
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបញ្ជាក់ថា៖ «រយៈពេល ជិត៧ទស្សវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី មានភាពស្អិតរមួត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស ព្រមទាំងទំនាក់ទំនងប្រជាជន និងប្រជាជន និងនិយាយដោយឡែក យុវជន និងយុវជន តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធយុវជនទូទាំងប្រទេសចិន នាឱកាសជំនួបទ្វេភាគីរវាង សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានាធិបតីផងដែរ»។
ឯកឧត្តមបានបន្ថែមទៀតថា៖ «ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឈានឆ្ពោះទៅមួយកម្រិតថែមទៀត ដើម្បីបន្តកេរដំណែល និងផ្លែផ្កានៃចំណងមិត្តភាពយូរអង្វែង ដែលបានបន្សល់ទុកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រធាន ម៉ៅ សេទុង»៕