
ខេត្តកំពត៖ នាថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវ ប៉ែន រិកស៊ី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី និងបើកវគ្គបណ្តុះបណ្តាលស្តីពីសមភាពយេនឌ័រនិងបរិយាបន្នសង្គមសម្រាប់ភ្នាក់ងារអនុវត្តគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដំណាក់កាលទី២។
វគ្គបណ្តុះបណ្តាលដែលមានរយ:ពេល៣ថ្ងៃនេះមានគោលបំណងដូចខាងក្រោម៖
• បង្កើតការយល់ដឹងពីទស្សនៈគន្លឹះនៃសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
• បង្កើនជំនាញការងារយេនឌ័រដល់អង្គភាពអនុវត្តគម្រោង H-EQIP 2 រួមមាន លេខាធិការដ្ឋានក្រុមការងារបញ្រ្ជាបយេនឌ័រនៃក្រសួងសុខាភិបាល ការិយាល័យធានាគុណភាពនៃនាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងភ្នាក់ងារជាតិបញ្ជាក់ការចំណាយក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនគាំទ្រដោយគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដំណាក់កាលទី២ ។
• ពង្រឹងចំណេះដឹង និងគោលការណ៍ការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI)ដល់ក្រុមការងារបញ្រ្ជាបយេនឌ័រនៃក្រសួងសុខាភិបាល។
លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះថាប្រព័ន្ធសុខាភិបាលដែលប្រកបដោយបរិយាបន្នពិតប្រាកដ គឺធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ជាពិសេសប្រជាជនដែលងាយរងគ្រោះ និងជនបាត់បង់ឱកាសដែលជារឿយៗប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានសេវាថែទាំព្យាបាលសុខភាពប្រកបដោយគុណភាព។ ការពង្រឹងសមភាពយេនឌ័រនិងបរិយាបន្នសង្គម GESI នៅក្នុងកម្មវិធីសុខភាពទាំងអស់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើឱ្យ UHC ក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួម ដោយលោកសាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន ជាលេខាធិការដ្ឋានក្រុមការងារបញ្រ្ជាបយេនឌ័រ មន្រ្តីបង្គោលការងារយេនឌ័រនៃមន្ទីរពេទ្យជាតិ តំណាងអង្គភាព៥ដែលកំពុងអនុវត្តគម្រោង H-EQIP2 ទីប្រឹក្សាបច្ចេកទេសយេនឌ័ររបស់ធនាគារពិភពលោក សរុបចំនួន៤៥នាក់ ។
_1744248931.jpg)
_1744248937.jpg)