2025-04-09 07:24
45

នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃជាច្រើនរូបទៀត ។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា លំហូរចូលនៃ ជនបរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅមកវិនិយោគ ប្រកបអាជីវកម្ម និងទេសចរណ៍ បានកើនឡើងគួរឱ្យកត់សម្គាល់ ហើយការវិនិយោគលើវិស័យសំណង់ ក៏បានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសការវិនិយោគលើវិស័យសំណង់ជាបុរី ខុនដូរ សណ្ឋាគារផ្ទះសំណាក់ ឬអគារសហកម្មសិទ្ធិ ដែលសំណង់ប្រភេទនេះជាគោលដៅអាទិភាព សម្រាប់ការស្នាក់នៅរបស់ជនបរទេស។ ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ពុំទាន់បានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ទទួលយកបរិបទនៃការរស់នៅក្នុង លំនៅឋានដែលស្ថិតនៅក្នុងទីតាំងរស់នៅជាលក្ខណៈប្រមូលផ្តុំ ទើបបណ្តាលឱ្យការគ្រប់គ្រងការស្នាក់នៅ និងគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ នៅតាមទីតាំងរស់នៅប្រមូលផ្តុំទាំងនេះ ជួបនូវបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យក្រសួងមហាផ្ទៃ ជាក្រសួងមានសមត្ថកិច្ចលើការគ្រប់គ្រងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវធ្វើការពង្រឹងយន្តការដែល មានស្រាប់ ព្រមទាំងផ្តួចផ្តើមរៀបចំឧបករណ៍គតិយុត្តឱ្យបានគ្រប់គ្រាន់ ដើម្បីធានាដល់ការគ្រប់គ្រងការងារខាងលើឱ្យមានប្រសិទ្ធភាព។ 
រៀបចំសេចក្តីព្រាងអនុក្រឹត្យស្តី ពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នេះឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ទី១,គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការស្នាក់នៅតាមទីតាំង ដែលមានមនុស្សរស់នៅប្រមូលផ្តុំ ដែលជាគោលដៅអាទិភាពនៃការស្នាក់អាស្រ័យរបស់ ជនបរទេសឱ្យបានល្អប្រសើរដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសង្គមកម្ពុជា  
ទី២, រាប់ចំនួនមនុស្ស និងធ្វើបច្ចុប្បន្នភាពអាសយដ្ឋានរបស់បុគ្គលគ្រប់រូប រួមទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅតាមទីតាំងប្រមូលផ្តុំក្នុងព្រះរាជាណាចក្រកម្ពុជា និងទី៣, ពង្រឹងការទទួលខុសត្រូវនូវយន្តការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសណ្តាប់ធ្នាប់របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
សេចក្តីព្រាងអនុក្រឹត្យនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ផងដែរ គឺ៖ 
ជាឧបករណ៍គតិយុត្តថ្មីមួយ ក្នុងការបំពេញបន្ថែមនូវកង្វះខាតរបស់ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមានពាក់ព័ន្ធនឹងវិស័យនគរូបនីយកម្ម និងសំណង់ លើទិដ្ឋភាពសន្តិសុខ សុវត្ថិភាព  ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសុវត្ថិភាពរបស់ប្រជាពលរដ្ឋ  រួមទាំងការពង្រឹងការអនុវត្តកាតព្វកិច្ច និងកិច្ចសហការរបស់តួអង្គពាក់ព័ន្ធនឹងការរស់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ។ 
សូមបញ្ជាក់ថា  សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅ ប្រមូលផ្តុំ ត្រូវបានកំណត់ជា៩ជំពូក និងចែកចេញជា៣៣មាត្រា ។