2025-04-08 12:18
52

សៀមរាប៖ ផ្ទុះការវែកញែកចំពោះចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៨៨ របស់ តុលាការខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី «គំរាមកំហែងហែកកេរ្តិ៍» លើជនជាប់ចោទឈ្មោះ ចិន ស្រីជា ដែលមានដើមបណ្តឹងជាមន្ត្រីនគរបាលជាន់ខ្ពស់ជាអតីតស្នងការរងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបានផ្ទេរកិច្ចឱ្យទៅបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការនគរបាលជាតិ ក្នុងអង្គហេតុរឿងជំពាក់លុយ ហើយត្រូវបានម្ចាស់បំណុលឆាតទាប្រាក់តាមបណ្តាញសង្គម ទើបក្លាយទៅជាជនជាប់ចោទតែម្តង។

យោងតាមសាលក្រមព្រហ្មទណ្ឌ លេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក ឃី ឆៃ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប បានប្រកាសសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ) ឆ្នាំ, បង្គាប់ឱ្យជនជាប់ចោទសងសំណងជម្ងឺចិត្តទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៤ (បួន) លានរៀល និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមនីតិវិធីច្បាប់ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

ក្រោយការចាប់ខ្លួនស្ត្រីឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលដាក់ពន្ធនាគារខេត្តសៀមរាប តាមអំណាចសាលដីកា របស់តុលាការ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» តាមបណ្តាញសង្គម (ឆាត) ទាលុយពីកូនបំណុលជាឧត្តមសេនីយ៍ (ផ្កាយ១) សម្បត្តិ កុសល ធ្វើឱ្យមហាជនផ្ទុះការរិះពេញបណ្តាញសង្គមចំពោះចាប់ការនេះ ព្រោះហាក់មានភាពមិនប្រក្រតី និងអយុត្តិធម៌បំផុតសម្រាប់ស្ត្រីរូបនេះ ដោយសារខាតបង់លុយកាក់ត្រូវដើមបណ្តឹងខ្ចីចូលម៉ឺនដុល្លារមិនសង គ្រាន់ឆាតទាលុយដែលគេបំណុលជំពាក់ ត្រូវរងគ្រោះកូនបំណុងប្តឹងចោទប្រកាន់ រហូតមានចំណាត់ការតាមផ្លូវតុលាការសម្រេចចោទប្រកាន់ និងឈានដល់ការជំនុំជម្រះកាត់ទោសឱ្យជាប់គុក និងសងសំណងរដ្ឋប្បវេណីឱ្យទៅកូនបំណុលថែមទៀត។

ពាក់ព័ន្ធករណីរឿងក្តីក្តាំរវាងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាកូនបំណុល (ដើមបណ្តឹង) ជាមួយសស្ត្រីឈ្មោះ ចិន ស្រីដា ជាម្ចាស់បំណុល (ចុងចម្លើយ) ចោទប្រកាន់ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានថា៖ «សាលាដំបូងខេត្តសៀមរាប បានទទួលជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប តាមដីកាដំណោះស្រាយលេខ ៧៥១០ ពស.ព្រស/ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដើមបណ្ដឹង រដ្ឋប្បវេណីឈ្មោះ សម្បត្តិ កុសល ភេទប្រុស និងមានជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជាប់ចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ»។ 

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ «ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅគ្រប់ដំណាក់កាលនីតិវិធី របស់ តុលាការ ឈ្មោះ ចិន ស្រីដា បានគេចវេសមិនសហការ ដោយពុំដែលចូលខ្លួនតាមការកោះហៅនោះទេ។ នៅដំណាក់កាលអយ្យការ ជនសង្ស័យឈ្មោះ ចិន ស្រីដា មិនបានចូលខ្លួនតាមការកោះហៅរបស់តំណាងអយ្យការឡើយ បន្ទាប់មកនៅដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែជនត្រូវចោទឈ្មោះ ចិន ស្រីដា ពុំបានចូលខ្លួនតាមការកំណត់របស់ចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ ក៏បានចេញដីកាបង្គាប់ឱ្យនាំខ្លួន ប៉ុន្តែពុំអាចនាំខ្លួនជនត្រូវចោទរូបនេះបាន ទើបចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីអាចបង្ខំឱ្យជនត្រូវចោទរូបនេះ មកបង្ហាញខ្លួន និងសួរចម្លើយតាមនីតិវិធីច្បាប់»។

តាមប្រភពដដែលបានបញ្ជាក់ថា៖ នៅដំណាក់កាលជំនុំជម្រះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានដាក់ពាក្យសុំពន្យារពេលជំនុំជម្រះ១លើក ដោយមូលហេតុថា មេធាវីទើបតែទទួលការពឹងពាក់ពីជនជាប់ចោទ ហើយចៅក្រមជំនុំជម្រះបានសម្រេចពន្យារពេលតាមការស្នើសុំ។ បន្ទាប់មក ចៅក្រមជំនុំជម្រះបានកំណត់កាល បរិច្ឆេទជំនុំជម្រះម្តងទៀត ហើយនាកាលបរិច្ឆេទនោះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទមានវត្តមាន ប៉ុន្តែ ជនជាប់ចោទនៅតែគេចវេសមិនមកចូលរួមការជំនុំជម្រះដដែល។ ក្រោយបញ្ចប់ការពិភាក្សាដេញដោល និងបានពិនិត្យភស្តុតាងទាំងអស់ដែលមានក្នុងសំណុំរឿង ចៅក្រមជំនុំជម្រះយល់ឃើញថា «អំពើរបស់ជនជាប់ចោទមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ជាបទ “គំរាមកំហែងហែកកេរ្តិ៍” បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ដូច្នេះចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបាន សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ) ឆ្នាំ, បង្គាប់ឱ្យជនជាប់ចោទសងសំណងជម្ងឺចិត្តទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៤ (បួន) លានរៀល និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមនីតិវិធីច្បាប់។ 

ចំពោះការសម្រេចរបស់ចៅក្រមជំនុំជម្រះនេះ គឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះភាគី ដែលមានការពាក់ព័ន្ធក្នុងសំណុំរឿង។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា រហូតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមខាងលើ ហើយសំណុំរឿងខាងលើនេះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍បាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់សាលាឧទ្ធរណ៍ បាត់ដំបង។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុល ត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាតកុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែល ម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន»។

សូមជម្រាបថា ជុំវិញសំណុំរឿងខាងលើនេះ អង្គហេតុនាំឱ្យការប្តឹងផ្តល់រហូតតុលាការសម្រេចផ្តន្ទាទោសម្ចាស់បំណុលដាក់ពន្ធនាគារ គឺផ្តើមពីរឿងប្រពន្ធលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងខេត្តបន្ទាយមានជ័យ ខ្ចីលុយកាក់ជាបន្តបន្ទាប់ពីស្ត្រីឈ្មោះ ចិន ស្រីដា រហូតបំណុលកើនដល់ខ្ទង់ម៉ឺនដុល្លារ។ បន្ទាប់មកទៀតមានការជជែកគ្នារឿងរត់ការ ដើម្បីឱ្យប្តីរបស់ស្ត្រីឈ្មោះ ចិន ស្រីដា ចូលក្រមខណ្ឌនគរបាលជាតិ ប៉ុន្តែមិនបានសម្រេច ទើបម្ចាស់បំណុលព្យាយាមឆាតទាលុយដែលជំពាក់ជាហូរហែ រហូតក្លាយខ្លួនពីជនរងគ្រោះទៅជាជនជាប់ចោទខាតបងទាំងលុយខ្ទង់ម៉ឺនដុល្លារហើយត្រូវកូនបំណុលប្តឹងចោទប្រកាន់ចាប់ដាក់គុក ក្រោមបទចោទ «គំរាមកំហែងហែកកេរ្តិ៍»៕