2025-04-07 17:55
122

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ដើម្បីចូលរួម អភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីមនុស្សជំនាន់ដើមរៀងមករហូតដល់បច្ចុប្បន្ន។ 
ការបើកព្រឹត្តការណ៍ប្រណាំង  «រទេះសាឡីគោលឿន» ធ្វើឡើងក្រោមអធិបតីភាព លោក សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជន ស.ស.យ.ក និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ស្ថិតនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ 
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនតែងតែផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេស គឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ហើយសម្រាប់ឆ្នាំនេះ គឺមានរទេះគោមកពីតាមបណ្តាខេត្ត ចំនួន ៦៧ នឹម បានចូលរួមការប្រកួត។ 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោត្តសសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី នៃមន្ទីរ  វប្បធម៌ និងវិចិត្រសិល្បៈខេត្ត ជាពិសេសការប្រារព្ធពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអនុវត្តតាមគោលការណ៍ដែលបានស្នើសុំ ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ក្នុងការរៀបចំពិធីនេះប្រកបដោយភាពរលូន និងអធិកអធម។ 
ឯកឧត្តមបានលើកឡើងថា៖ ការប្រណាំងរទេះសាឡី គោលឿននេះ គឺមានដើមកំណើតនិងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ។ ចំពោះគោលបំណងចម្បងនៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ 
ជាមួយនោះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកទឹកចិត្តដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ។ហើយក៏រំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ។ 
ទន្ទឹមនោះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់ម្ចាស់គោ ឱ្យបង្កើតសិល្បៈប្លែកៗលើគោឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង  ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំង។ 
សូមបញ្ជាក់ថា  ការប្រណាំងគោរទេះសាឡីគោធំលេខ១ ទទួលបានរង្វាន់២,០០០.០០០រៀល លេខ២ ១,៥០០,០០០រៀល និងលេខ៣ ១,០០០,០០០រៀល សម្រាប់លេខ១ រទេះសាឡីគោតូច ទទួលបានរង្វាន់១.៨០០.០០០៛ លេខ២ ១,៣០០,០០០រៀល និងលេខ៣ ៨០០,០០០រៀល ចំពោះរទេះគោសាឡីគោធំនិងគោតូចដែលមិនបានទទួលជ័យលភី រទេះគោសាឡីគោធំក្នុង1នឹមទទួលបានថវិកាចំនួន ៣៥០,០០០រៀល និងគោតូច1នឹមទទួលបានថវិកាចំនួន ៣០០,០០០រៀលផងដែរ៕