
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ នៅកោះនរា រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ» ក្នុងរយៈចម្ងាយចម្ងាយ ៣គីទ្បូម៉ែត្រ និង ៥គីទ្បូម៉ែត្រដោយមាអ្នកចូលរួមជិត ១០០០ នាក់។
កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងរួមមាន៖ លើកកម្ពស់ការយល់ដឹងពីសារ:សំខាន់និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយដល់អ្នកចូលរួម និងសាធារណៈជនទាំងមូល។ ជម្រុញបរិយាកាសអំណោយផលនៅកន្លែងធ្វើការដើម្បីគាំទ្រ ការពារនិងលើកកម្ពស់ម្តាយដែលបំបៅដោះកូន និងបង្កើនការយល់ដឹងពីសារសំខាន់ និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែទូលំទូលាយតាមរយ:បណ្តាញសង្គម។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានគូសរំលេចថា ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួនបីក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារ ការបំបៅកូនដោយទឹកដោះម្តាយគឺ៖ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំ ឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។
ទន្ទឹមនឹងនេះដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យម្តាយអនុវត្តន៏បាននូវការបំបៅដោះកូនមានប្រសិទ្ធភាពខ្ពស់ បុគ្គលិកមណ្ឌលសុខភាពទាំងអស់ត្រូវចាប់ផ្តើមផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងបន្តផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយរាល់ពេលស្រ្តីមកពិនិត្យរៀងរាល់លើក។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបន្តថានៅពេលការបំបៅកូនដោយទឹកដោះម្តាយបានរយៈពេលបីខែស្រ្តីត្រូវត្រលប់ចូលធ្វើការវិញ ស្ត្រីត្រូវមានចំណេះដឹងលើរបៀបច្របាច់ និងរក្សាទុកទឹកដោះម្តាយសម្រាប់បំបៅកូន។ នៅពេលកុមារអាយុបាន៦ខែ ម្តាយត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយជាមួយនឹងការផ្តល់អាហារបន្ថែមមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានចង្អុលបង្ហាញ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយអង្គការ Helen Keller International និងដៃគូដទៃទៀតក្នុងការបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាដល់បុគ្គលិកមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបន្តផ្តល់ប្រឹក្សាដល់ស្រ្តីមានផ្ទៃពោះកាន់តែប្រសើរ។ ប្រសិនបើម្តាយបានយល់ច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍ការបំបៅកូនដោយទឹកដោះម្តាយនៅអំឡុងការពិនិត្យផ្ទៃពោះលើកទីមួយ និងជាបន្តបន្ទាប់ ស្រ្តីពិតជាបំបៅកូនដោយទឹកដោះម្តាយ និងមិនបំបៅដោយទឹកដោះគោម្សៅនោះទេ ព្រោះពួកគេចង់បានទារកមានសុខភាពល្អណាស់។
«កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ» មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងលោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller International និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតដូចជា Johanniter Cambodia, GIZ-MUSEFO, Alive & Thrive, FAO, RACHA និងបណ្តាញអ្នកសារព័ត៌មានមួយចំនួនទៀត។
កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាលសហការជាមួយ អង្គការ Helen Keller International និងគាំទ្រថវិកាដោយThe Church of Jesus Christ of Latter-day Saints តាមរយ:គម្រោង Transforming Lives Through Nutrition និង អង្គការJohanniter-Cambodia៕



