2025-04-07 07:29
40

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ព្រឹកថ្ងៃសៅរ៍ ទី៥០ ខែមេសា ឆ្នាំ២០២៥។ 
ក្នុងឱកាសនោះសម្តេច ស ខេង មានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌របស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្តល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ តាមរយៈវត្តអារាមដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធ ដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ទើបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ វត្តអារាមបានបង្កលក្ខណៈឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសម្របសម្រួលដោះស្រាយរាល់បញ្ហាលំបាកដោយប្រកាន់នូវធម៌មេត្តា ករុណា សណ្ដោសប្រណី ចេះអប់រំគ្នាតាមផ្លូវធម៌ និងច្បាប់ទៀតផង។ 
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៏បញ្ជាក់ថា វត្តអារាមជាប្រភពផ្តល់នូវចំណេះដឹងខាង ពុទ្ធចក្រ និងអាណាចក្រ បានសេចក្តីថា រាល់បញ្ហានៅក្នុងសហគមន៍ គឺមានព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ ចូលរួមដោះស្រាយ។ វត្តអារាមមានតួនាទីសំខាន់ក្នុង កិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការធ្វើចលនាកៀរគរជំនួយដើម្បីកសាងវត្តអារាម សាលារៀន មន្ទីពេទ្យ ស្ពានថ្នល់។ល។ ម្យ៉ាងទៀតវត្តអារាម ក៏ចូលរួមចំណែកដោះស្រាយការងារសង្គមដែរ ដូចជាការទទួលឧបត្ថម្ភកន្លែងស្នាក់អាស្រ័យរៀនសូត្រដល់ កុមារកំព្រា កុមារជាកូនគ្រួសារជនក្រីក្រ ការជួយឧបត្ថម្ភគាំទ្រដល់ជនវ័យចាស់ រៀនធម៌អាថ៌ដែលអាចធ្វើអោយជនទាំងនោះមានសេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ។ 
សម្តេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយ ក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌សង្គម៕